ក្រសួង​ការងារ​គ្រោងរៀបចំ​កម្មវិធី​បណ្តុះបណ្តាល​តូរ្យតន្ត្រី ជូន​ពលរដ្ឋជាង ១លាននាក់ ​ឥតគិតថ្លៃ ហើយ​បានប្រាក់ឧបត្ថម្ភទៀត

  • 2023-07-19 02:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឱ្យដឹងថា ឯកឧត្តម​នឹង​រៀបចំដាក់​កម្មវិធីបណ្ដុះបណ្ដាល​ផ្នែកតូរ្យតន្រ្តី ទៅក្នុង​គម្រោង​នៃគោលនយោបាយ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​ជូនប្រជាពលរដ្ឋ និងយុវជន ១លាន ៥សែននាក់ ដែល​រាជរដ្ឋាភិបាល នឹងផ្តល់​ការបណ្តុះបណ្តាល​ដោយមិនគិតថ្លៃ ហើយថែមទាំងផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលបណ្តុះបណ្តាលទៀត។

ការថ្លែង​បញ្ជាក់​របស់​ឯកឧត្តម អ៊ិត សំហេង ធ្វើឡើង​ក្នុងកិច្ចប្រជុំ​មួយ​ជាមួយ​ប្រតិភូសមាគម​អ្នកភ្លេង ដឹកនាំដោយលោក ម៉ិញ សុធីវណ្ណ ប្រធានប្រតិបត្តិសមាគម កាលពី​ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការ​ក្រសួងការងារ។

ឯកឧត្តម​បាន​លើកឡើង​ថា សេវាកម្មតូរ្យ​តន្ត្រី​ក៏មានទីផ្សារ​ការងារ​គួរសមដែរ ខណៈ​នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលនានា​ក៏ត្រូវការ​សេវាកម្មតូរ្យ​តន្ត្រីនេះច្រើន ដែលជាមុខរបរមួយសម្រាប់​ជួយជីវភាព​ផង និង​ចូលរួម​លើកស្ទួយ​ដល់វប្បធម៌ជាតិ​យើងផង។

នាឱកាសនោះ លោក ម៉ិញ សុធីវណ្ណ បានឱ្យដឹងថា សមាគមអ្នកភ្លេង ទើបបង្កើតតាមប្រកាសលេខ ២៥៣១ ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។ លោកបន្តថា ចក្ខុវិស័យ និងគោលបំណងរបស់សមាគមអ្នកភ្លេង គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូលធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍បីយ៉ាងគឺ ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។

សមាគមប្រកាន់យកពាក្យស្លោក ឧបសគ្គគឺជាសាលារៀន ការលំបាកគឺជាឱកាស។ សមាគមចែករំលែក និងផ្ទេរចំណេះដឹង បទពិសោធន៍ដែលពួកគាត់ភាគច្រើនសុទ្ធតែមានបទពិសោធនន៍ខ្ពស់ ហើយឆ្លងកាត់ ៥ជំនាន់ ដើម្បីរួមគ្នាបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយដែលមានទេពកោសល្យខាងតូរតន្រ្តី។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសំដែងនូវការពេញចិត្ត និងគាំទ្រចំពោះគំនិតផ្តួចផ្តើមប្រមែប្រមូលធនធានមនុស្សវ័យចំណាស់ជំនាន់មុនដែលមានទេពកោសល្យនិងបានឆ្លងកាត់បទពិសោធន៍ច្រើនជំនាន់ ហើយបានបង្កើតបាននូវស្នាដៃក្នុងជំនាន់នីមួយៗ ដើម្បីប្រមូលផ្តុំគ្នាជាក្រុមជួយជ្រោមជ្រែង ថែរក្សាមរតកពីយូរយាណាស់មកហើយ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានចេះ បានដឹង ចូលរួមលើកស្ទួយវប្បធម៌ ថែរក្សាតម្លៃនៃសិល្បៈវប្បធម៌ជាតិ។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា បច្ចុប្បន្ន តែងមានរំហូរវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ ពិសេសតាមរយៈបណ្ដាញសង្គម តួយ៉ាងការវិវត្តនៃសិល្បៈតន្ត្រី ចម្រៀងនៅកម្ពុជា ទោះបីចម្រៀងតន្ត្រីសម័យមានការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ក៏អត្ថន័យចម្រៀនមរតកដើមនៅតែពីរោះ មានខ្លឹមសារអប់រំល្អៗច្រើន ដែលយើងជាកូនចៅជំនាន់ក្រោយគួរតែសិក្សារៀនសូត្រតាម អភិរក្សថែរក្សាមរតកដើមដូនតាជំនាន់មុន និងបន្តស្នាដៃឱ្យបានល្អទៅថ្ងៃអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា សិល្បៈក៏ជាការបញ្ជ្រាបចំណេះដឹង ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់សមិទ្ធផលដែលជាតិធ្លាប់មាន កំពុងកសាង និងបណ្ដុះបណ្ដាលស្មារតីចូលរួមសម្រាប់យុវជន យុវតី ដូច្នេះសមាគមអ្នកភ្លេងក៏អាចចូលរួមបញ្ជ្រាបគំនិតទាំងអស់នេះបានផងដែរ៕

ប្រភព៖ ក្រសួងការងារ

អត្ថបទថ្មី