របរថ្មីដែល ខាត់ សុឃីម ធ្លាប់បង្ហាញក្បាលទុកកន្ទុយ បង្ហាញកន្ទុយទុកក្បាល ឥឡូវនេះចេញច្បាស់ហើយ!

  • 2023-08-10 02:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាពហុជំនាញ ខាត់ សុឃីម បានប្រកាសអញ្ជើញភ្ញៀវ និងមិត្ដសិល្បៈ ព្រមទាំងអ្នកគាំទ្រឲ្យចូលរួមក្នុងពិធីសម្ពោធបើកក្រុមហ៊ុនលក់គ្រឿងសង្ហារឹមដ៏ធំមួយ ឈ្មោះចាចា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាង ខាត់ សុឃីម បានជូនដំណឹងនេះ ដោយភ្ជាប់លិខិតអញ្ជើញមួយកាលពីថ្ងៃម្សិលមិញ។ ប៉ុន្ដែនាងមិនបានបញ្ជាក់ថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនរបស់នាងផ្ដាច់មុខ ឬមានចំណែកភាគហ៊ុនណាមួយនៅក្នុងនោះទេ។ រីឯទំហំទឹកប្រាក់វិនិយោគ ឬដាក់ដើមបង្កើតក្រុមហ៊ុនវិញ ក៏មិនទាន់ត្រូវបានអ្នកនាងបញ្ជាក់ដែរ។

ប៉ុន្ដែគេនៅចាំបានថា តារាចម្រៀងរូបនេះ ធ្លាប់បង្ហើបជាញឹកញយអំពីការបង្កើតមុខរបរថ្មីមួយទៀត បន្ថែមលើអាជីពសិល្បៈ លក់ផលិតផលថែសម្ផស្ស និងលក់ដីឡូត៍។ ក្រោយពីបង្ហើបក្បាលទុកកន្ទុយបង្ហើបកន្ទុយទុកក្បាលបែបនេះ ធ្វើ​ឲ្យ​មហាជន និង​អ្នកសារព័ត៌មានកាន់តែចង់ដឹង ប៉ុន្ដែអ្វីៗទើបតែបង្ហាញនៅពេលនេះ គឺចំពេលដែលនាងប្រកាសបើកទៅហើយ។

នៅពេលនេះ អ្នកនាង ខាត់ សុឃីម បានជម្រះមន្ទិលរបស់អ្នកគាំទ្រ និងមិត្ដសិល្បៈមួយចំនួនហើយ ដោយត្រៀមបង្ហាញទាំងមុខ បង្ហាញទាំងមុខរបរនៅក្នុងពិធីសម្ពោធនោះតែម្ដង។ ពិធីសម្ពោធនេះ នឹងធ្វើនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨ ដល់ម៉ោង ១១ព្រឹក៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី