ភ្នំវល្លិ៍នៅ​ខេត្តកែប នឹង​ត្រូវប្រែក្លាយ​ជាតំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្តសង្គ្រាម ទេសចរផ្សងព្រេង និង​កសិទេសចរណ៍

  • 2023-08-11 02:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ភ្នំវល្លិ៍ មាន​សក្តានុពល​ជាគោលដៅ​ទេសចរណ៍​តំបន់​ភ្នំ ដែលមាន​ប្រវត្តិ​ជាអតីតមូលដ្ឋាន​ទ័ព​របស់​ខ្មែរ​ក្រហម និង​ជាតំបន់​កសិកម្ម​ដ៏សំខាន់​របស់​ខេត្តកែប​ ដែល​សម្បូរ​ទៅដោយ​ចម្ការ​ម្រេច និងដំណាំគួបផ្សំ​ជាច្រើនទៀត។ រាជរដ្ឋាភិបាល​នឹង​ប្រែក្លាយ​ជាប៉ូលទេសចរណ៍​ធម្មជាតិតំបន់​ភ្នំវល្លិ៍ជា តំបន់​កសិទេសចរណ៍ ទេសចរណ៍​ប្រវត្តិសាស្រ្ត​សង្គ្រាម និងទេសចរណ៍​ផ្សងព្រេង។ នេះបើយោង​តាម​ឯកសារ​ផែនការមេអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តកែប ២០២៣-២០៣៥។

១. ការអភិវឌ្ឍកសិទេសចរណ៍​តំបន់ភ្នំវល្លិ៍

-សិក្សា និង​រៀបចំចងក្រង​ទីតាំង​ដែល​មាន​សក្តានុពល​​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិទេសចរណ៍ ជាពិសេស​នៅ​តំបន់​ចំការម្រេច និង​ចំការទុរេន ដោយមានកិច្ចសហការ​ឱ្យបាន​ជិតស្និត​ជាមួយម្ចាស់​ចំការ និង​ប្រជាជន​ក្នុងមូលដ្ឋាន​ ដើម្បី​រៀបចំ​សម្បទាទេសចរណ៍​ចាំបាច់​នានា និង​កំណត់​ប្រភេទ​សេវាកម្ម និងផលិតផល​ទេសចរណ៍​ដែលមាន​នៅតាមទីតាំង​នីមួយៗ។

-បង្កើន​ផលិតភាព​ និងធ្វើពិពិធកម្ម​ផលិតផលកសិកម្ម​ក្នុងខេត្តកែប សំដៅធានា​នូវការផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ក្នុងកម្រិតអតិបរមា ដល់ភ្ញៀវទេសចរ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងខេត្តកែបទាំង​មូល។

-ពិនិត្យ​លទ្ធភាព​ក្នុងការ​រៀបចំ​បង្កើត​ផ្សារផលិតផលកសិកម្ម​សម្បូរបែប សំដៅទាក់ទាញ​ភ្ញៀវ​ទេសចរ និងផ្សព្វផ្សាយ​នូវ​ផលិតផល​កសិកម្ម និងកសិឧស្សាហកម្ម ជាពិសេស​ផលិតផល​ដែលមានសក្តានុពល​ក្នុងខេត្តកែប។

២. ទេសចរណ៍​តំបន់​ប្រវត្តិសាស្រ្តសង្គ្រាម៖ ធ្វើការ​សិក្សា​ស្រាវជ្រាវ​លម្អិត​អំពី​ប្រវត្តិសាស្រ្ត​សង្គ្រាម គួបផ្សំ​ជាមួយ​នឹងការប្រមូល​នូវវត្ថុបុរាណ ដូចជាគ្រឿងយុទ្ធភ័ណ្ឌ និងគ្រឿង​សព្វាវុធ​ចាស់ៗ និងរៀបចំ​បង្កើត​ភូមិទេសចរណ៍​ប្រវត្តិសាស្រ្ត ក្នុងភូមិ​ចំការបី​នៃស្រុកដំណាក់ចង្អើរ។

៣. ទេសចរណ៍​ផ្សងព្រេង​តំបន់ភ្នំវល្លិ៍៖ ពង្រឹង​សមត្ថភាព​សហគមន៍​ព្រៃឈើ​នៅក្នុងតំបន់​ភ្នំវល្លិ៍ និងសិក្សា​ កំណត់​តំបន់ និងផ្លូវខ្សែ​ទស្សនកិច្ចទេសចរណ៍​សម្រាប់​សកម្មភាព​ផ្សងព្រេង​កម្សាន្ត​ក្នុងព្រៃ និងរៀបចំ​បង្កើត​សម្បទា​ទ្រទ្រង់​ការធ្វើពិពិធកម្មផលិតផល​ទេសចរណ៍​កម្សាន្ត​ក្នុងព្រៃ​ឱ្យកាន់តែសម្បូរបែប៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម