កុំខកខាន! ពិព័រណ៌ ម្ហូបអាហារ ភេសជ្ជៈ និងសុខភាព សម្រស់ បើកជាផ្លូវការហើយចាប់ពីថ្ងៃនេះ ដល់ថ្ងៃ២០សីហា
- 2023-08-18 08:33:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំខកខាន! ពិព័រណ៌ ម្ហូបអាហារ ភេសជ្ជៈ និងសុខភាព សម្រស់ បើកជាផ្លូវការហើយចាប់ពីថ្ងៃនេះ ដល់ថ្ងៃ២០សីហា
ចន្លោះមិនឃើញ
ពិព័រណ៌ ម្ហូបអាហារ ភេសជ្ជៈ និងសុខភាព សម្រស់ (Cambodia FoodPlus Expo និង Cambodia Health & Beauty Expo 2023) ដែលជាព្រឹត្តិការណ៍ដ៏ធំ ត្រូវបានធ្វើពិធីបើកសម្ពោធជាផ្លូវការហើយ ដោយមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
ក្រុមហ៊ុន Index Creative Village Plc. (ICV) ដែលជាអ្នកជំនាញរៀបចំពិព័រណ៌ពាណិជ្ជកម្មបង្កើតវេទិកាធុរកិច្ចសម្រាប់អ្នកផ្គត់ផ្គង់អន្តរជាតិ ដើម្បីជួបជាមួយដៃគូពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ បានចាប់ដៃជាមួយអ្នកពាក់ព័ន្ធក្នុងតំបន់សំខាន់ៗ រៀបចំពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិលើកទី២ Cambodia FoodPlus Expo និង Cambodia Health & Beauty Expo 2023។ ពិព័រណ៌ផលិតផលនេះ ត្រូវបានរំពឹងថា នឹងមានអ្នកចូលរួមដល់ ៦ពាន់នាក់។
ព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្មទាំង២ត្រូវបានធ្វើឡើងរួមគ្នា ដោយ Cambodia FoodPlus Expo ផ្តោតលើអ្នកជំនាញ ក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកលក់រាយ និងផ្សេងទៀតដែលពាក់ព័ន្ធនឹងផ្នែកអាហារ និងភេសជ្ជៈ។ ចំណែក Cambodia Health & Beauty Expo ផ្តោតលើវិស័យសុខភាព សុខុមាលភាព និងសម្រស់ ព្រមទាំងមានក្បួនដង្ហែរនៃផលិតផល អ្នកផ្តល់សេវា អ្នកជំនាញ អ្នកផ្គត់ផ្គង់ និងផ្នែកផ្សេងៗទៀតទាក់ទងនឹងអ្នកជំនាញផ្នែកសុខភាព និងសម្រស់។
ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ពិធីបើកសម្ពោធព្រឹត្តិការណ៍នេះគឺដើម្បីឱ្យប្រជាជនកម្ពុជា និងថៃ បានស្វែងយល់គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។ ថ្ងៃបើកសម្ពោធនេះ ក៏ជាថ្ងៃទាក់ទាញអ្នកវិនិយោគថៃ ឱ្យមកវិនិយោគទុននៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ ថៃជាប្រទេសមួយដែលមានសក្តានុពលលើផ្នែកសុខភាព និងសម្រស់ ហើយឯកឧត្តមបានជំរុញឱ្យអ្នកវិនិយោគថៃ មកបណ្តាក់ទុនលើវិស័យសុខាភិបាលនៅកម្ពុជា ឱ្យបានច្រើន ជាពិសេសការកសាងមន្ទីរពេទ្យ និងផលិតឱសថ។
លោក Kriengkrai Kanjanapokin ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Index Creative Village Plc. បានបង្ហាញការជឿជាក់ថា ពិព័រណ៌ពាណិជ្ជកម្មនេះ នឹងឈានទៅកិច្ចសហប្រតិបត្តិការអាជីវកម្ម ការធ្វើបណ្តាញ និងការគាំទ្រដ៏រឹងមាំដល់កំណើនសេដ្ឋកិច្ចបន្ថែមទៀត។ មានក្រុមហ៊ុនសរុបចំនួន ១៥០ មកពីប្រទេសថៃ កម្ពុជា កូរ៉េ វៀតណាម និងប្រទេសផ្សេងទៀតចូលរួមព្រឹត្តិការណ៍ទាំងពីរ។ ជាងនេះ ទៅទៀត ពិព័រណ៌ឆ្នាំនេះកាន់តែមានភាពរំភើបជាមួយនឹងសកម្មភាពជាច្រើន និងការផ្តល់ជូនពិសេសនៅក្នុងព្រឹត្តិការណ៍នានា។