ABA ជាធនាគារក្នុងស្រុកដ៏ឆ្នើមបំផុត នៅកម្ពុជាឆ្នាំ 2023 ពីទស្សនាវដ្ដី Asiamoney

  • 2023-09-01 09:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA ដែលជាធនាគារពាណិជ្ជកម្ពុជាធំជាងគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ជា ធនាគារក្នុងស្រុកដ៏ឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ 2023 ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ដែលជាទស្សនាវដ្ដីថ្នាក់តំបន់ របស់ទស្សនាវដ្ដីហិរញ្ញវត្ថុអន្ដរជាតិ Euromoney។ ការទទួលស្គាល់ជាបន្ដបន្ទាប់ពី Asiamoney នេះ បានបង្ហាញពីឧត្តមភាពរបស់ធនាគារ ក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។

ABA ទទួលបានការកោតសរសើរ ចំពោះវត្តមានដ៏លេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា, ការចូលរួមចំណែកដ៏សំខាន់ នៃការរីកចម្រើនផ្នែកពាណិជ្ជកម្មអេឡិកត្រូនិកក្នុងស្រុក, និងការប្តេជ្ញាចិត្តបំពេញតម្រូវការដ៏សម្បូរបែបរបស់អតិថិជនខ្លួនផងដែរ។

ការប្ដេជ្ញា និងយកចិត្តទុកដាក់របស់ ABA ចំពោះនវានុវត្តន៍ និងការផ្តល់នូវដំណោះស្រាយសេវាធនាគារដ៏ទំនើប ជូនអតិថិជនរបស់ខ្លួន ក៏រួមចំណែកដល់ភាពជោគជ័យនេះដែរ។ រយៈពេលពេញមួយឆ្នាំ 2022 ធនាគារបានបន្តពង្រឹងផលិតផល និងសេវាកម្មធនាគាររបស់ខ្លួន ដើម្បីធានាថា អតិថិជនអាចទទួលបានបទពិសោធសេវាធនាគារប្រកបដោយគុណភាពខ្ពស់។

ចំណែកឯសេវាកម្មរបស់ ABA វិញ ក៏បានពង្រីកវិសាលភាពរបស់ខ្លួនគួរឲ្យកត់សម្គាល់ផងដែរ ដូចជា ការដាក់ឲ្យប្រើប្រាស់គណនី ABA Junior សម្រាប់កុមារ ឬក្មេងជំទង់អាយុចាប់ពី 10 ឆ្នាំ ដែលពួកគេអាចប្រើអេបធនាគារផ្ទាល់ខ្លួន ថែមទាំងបានចូលរួមលើកកម្ពស់ចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងសង្គមទៀតផង។ ក្រៅពីនេះ ម៉ាស៊ីនបើកកាត ABA បានសម្រួលដល់ការបើកកាត ដោយអ្នកប្រើ ABA Mobile អាចបើកកាតប្លាស្ទិកបានដោយខ្លួនឯង ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ABA គឺជាធនាគារដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានដាក់ដំណើរការម៉ាស៊ីនកាតស្វ័យសេវាបែបនេះ។

ធនាគារទទួលបានការគាំទ្រ និងកំណើនយ៉ាងខ្លាំង នៅក្នុងផ្នែកទូទាត់តាម QR ដោយក្នុងនោះពាណិជ្ជករទាំងអនឡាញ និងអ្នកលក់នៅហាងផ្ទាល់ជាង 600,000 ទទួលបានអត្ថប្រយោជន៍ពីការទូទាត់បែបឌីជីថលនេះ។ កម្មវិធី ABA Merchant ដែលជាដំណោះស្រាយដ៏ល្អឥតខ្ចោះ សម្រាប់អាជីវកម្មគ្រប់ប្រភេទក្នុងការប្រមូលប្រាក់ទូទាត់បែបឌីជីថល និងគ្រប់គ្រងអាជីវកម្មយ៉ាងងាយស្រួល ក៏មានការកើនឡើង 59% នៃអ្នកប្រើប្រាស់ក្នុងឆ្នាំនេះផងដែរ។

លើសពីនេះទៅទៀត ABA បានពង្រីកបណ្ដាញរូបវន្ដរបស់ខ្លួន ដោយបានបើកជាផ្លូវការ នូវសាខាបម្រើសេវាធនាគារពេញលេញចំនួន 4 និងទីតាំងស្វ័យសេវា ABA 24/7 ចំនួន 16 ទៀត។

នៅដើមឆ្នាំ 2023 ធនាគារបានកែប្រែរូបរាងកម្មវិធី ABA Mobile របស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធសេវាធនាគារកាន់តែងាយស្រួល និងមានលក្ខណៈផ្ទាល់ខ្លួន។ អេបជំនាន់ថ្មីនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់រៀបចំកម្មវិធីរបស់ពួកគេ តាមការពេញចិត្ត ជាមួយនឹងជម្រើសផ្ទាំងវិចិត្រ ផ្ទៃខាងក្រោយ និងប្រភេទប៊ូតុង, ប្ដូរទំហំអក្សរ ដែលងាយស្រួលមើល, និងប្តូរទៅមក រវាងផ្ទៃភ្លឺ និងងងឹត។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងឱកាសនេះថា “យើងខ្ញុំមានកិត្តិយសក្នុងការទទួលបាន នូវការទទួលស្គាល់ដ៏មានកិត្យានុភាពពី Asiamoney ក្នុងនាមជាធនាគារក្នុងស្រុកដ៏ឆ្នើមបំផុតនៅកម្ពុជា សម្រាប់រយៈពេលមួយឆ្នាំទៀត។ សមិទ្ធិផលនេះ កាន់តែរំលេចពីភាពសំខាន់សម្រាប់ធនាគារយើង ព្រោះថាវាជាកិត្តិនាម មួយដែលផ្ដល់ជូនដោយអ្នកជំនាញក្នុងតំបន់ ដែលយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់យើង និងបរិបទដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម"។

លោកបានបន្ថែមថា “ការទទួលបានពានរង្វាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់ឥតឥតងាករេ របស់ក្រុមការងារយើង ដែលខិតខំអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើងទទួលបានបទពិសោធសេវាធនាគារដ៏ល្អបំផុត។ យើងនៅតែបន្ដប្តេជ្ញា ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។

នៅក្នុងសំណេរពាក់ព័ន្ធនឹងពានរង្វាន់របស់ធនាគារយើងនាឆ្នាំនេះ ទស្សនាវដ្តីបានរៀបរាប់ថា "ABA គឺពិតជាសាកសមក្នុងការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពពី Asiamoney ក្រោមហេតុផលជាច្រើន ពិសេសនៅលើផ្នែកឌីជីថល។ ផ្លែតហ្វមរបស់ធនាគារ បានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការកែប្រែទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។ គិតតែត្រឹមឆ្នាំ 2022 ប៉ុណ្ណោះ ចំនួនប្រតិបត្តិការនៅលើកម្មវិធី ABA Mobile បានកើនឡើងសឹងតែទ្វេដង ហើយទឹកប្រាក់គិតជាដុល្លារនៃប្រតិបត្តិការទាំងនោះ មានប្រមាណ 180 ប៊ីលានដុល្លារ ធំជាងផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាដល់ទៅ 6 ដង”។

ក្នុងឆ្នាំ 2022 ធនាគារ ABA បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោ នៅគ្រប់ផ្នែកនិងកម្រិត (ម៉ែតទ្រីក) ទាំងអស់។ ទ្រព្យសកម្មសរុបរបស់ធនាគារកើនដល់ 15% ធៀបនឹងឆ្នាំមុន ដែលសម្រេចឈានដល់ 9 ប៊ីលានដុល្លារ គិតត្រឹមដំណាច់ ឆ្នាំ 2022។ លើសពីនេះ ផលបត្រប្រាក់បញ្ញើបានកើនឡើង 17% សម្រេចឈានដល់ 7.3 ប៊ីលាន ដុល្លារអាមេរិក រីឯប្រាក់កម្ចីសរុបបានកើនឡើង 22% ចាប់តាំងពីចុងឆ្នាំ 2021 ដែលសរុបជាទឹកប្រាក់ 6.5 ប៊ីលានដុល្លារ

ABA ប្ដេជ្ញា និងតាំងចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលឆ្លើយតបតាមតម្រូវការដែលកំពុងតែកើនឡើងពីសំណាក់អតិថិជនរបស់ខ្លួន។ តាមរយៈការយកចិត្តទុកដាក់របស់ខ្លួនចំពោះឧត្តមភាព ABA បានក្លាយជាធនាគារក្នុងស្រុកលំដាប់កំពូលក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ យី សុធារី