អាចទេ! រថយន្តអនាគត មិនមែនជារថយន្តអគ្គិសនីទេ តែជារថយន្តអ៊ីដ្រូសែន?
- 2023-09-12 02:50:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចទេ! រថយន្តអនាគត មិនមែនជារថយន្តអគ្គិសនីទេ តែជារថយន្តអ៊ីដ្រូសែន?
ចន្លោះមិនឃើញ
ថ្វីត្បិតតែប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើនបានជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានក៏ពិតមែន ប៉ុន្តែមកដល់ពេលនេះ ការប្រើប្រាស់រថយន្តអគ្គិសនីនៅតែមានបញ្ហាប្រឈមជាច្រើននៅឡើយ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យរថយន្តអគ្គិសនី ប្រភពថាមពលដែលនៅមានការខ្វះខាតច្រើន ថាមពលអាគុយនៅមានកម្រិត និងតម្លៃថ្លៃនៃរថយន្តប្រភេទនេះ។
មូលហេតុទាំងនេះ ត្រូវបានមើលឃើញដោយក្រុមហ៊ុនធំៗដូចជា Toyota ជាដើម ដែលហាក់មិនសូវយកចិត្តទុកដាក់លើការផលិតរថយន្តអគ្គិសនីសុទ្ធឡើយ ប៉ុន្តែកន្លងមក ក្រុមហ៊ុននេះបែរជាជំរុញការសាកល្បងលើរថយន្តដើរដោយថាមពលអ៊ីដ្រូសែនទៅវិញ។ ថ្មីៗនេះ ក្រុមហ៊ុនយក្សអាល្លឺម៉ង់ BMW ក៏បានធ្វើតេស្តលើរថយន្តអ៊ីដ្រូវសែនថ្មីរបស់ខ្លួនផងដែរ លើម៉ូឌែល iX5s នៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងមជ្ឈិមបូព៌ា និងត្រៀមបញ្ចេញលក់លើទីផ្សារនៅមុនចុងទសវត្សរ៍នេះទៀតផង។
លោក Juergen Guldner អ្នកគ្រប់គ្រងកម្មវិធីទូទៅនៃបច្ចេកវិទ្យាអ៊ីដ្រូសែនសម្រាប់ក្រុមហ៊ុន BMW បានលើកឡើងថា ថាមពលអ៊ីដ្រូសែន ត្រូវបានចាត់ទុកថាជាប្រភពថាមពលជម្រើសផ្សេងមួយទៀតពីអគ្គិសនី។
លោកបញ្ជាក់បែបនេះ៖ «មនុស្សជាច្រើនបាននិយាយថា ថាមពលអ៊ីដ្រូសែនគឺល្អណាស់។ យើងក៏ប្រាថ្នាចង់ឱ្យមនុស្សជាច្រើនទៀត យល់ឃើញបែបនេះដែរ ព្រោះថាបើប្រើតែរថយន្តអគ្គិសនីសុទ្ធ នឹងមិនអាចធ្វើអ្វីបានប្រសើរនោះទេ ដូច្នេះវានៅមិនទាន់មានភាពច្បាស់លាស់។ យើងត្រូវការបច្ចេកវិទ្យាទីពីរ ហើយនោះគឺជា អ៊ីដ្រូសែន។»
ចក្ខុវិស័យរបស់ BMW គឺនឹងផលិតរថយន្តដើរដោយអ៊ីដ្រូសែន នៅត្រឹមឆ្នាំ២០៣០។ ដើម្បីសម្រេចគោលដៅនេះ ពួកគេបានបង្កើតក្រុមស្រាវជ្រាវពីអនាគតរបស់បច្ចេកវិទ្យានេះ ដូច Toyota ដែរ ខណៈមកទល់ពេលនេះ មានតែរថយន្ត Toyota Mirai ដែលជារថយន្តអ៊ីដ្រូសែនមួយប៉ុណ្ណោះ ដាក់លក់នៅលើទីផ្សារ។
ក្នុងពិព័រណ៌រថយន្តមួយនៅឥណ្ឌូណេស៊ី កាលពីខែមុន ក្រុមហ៊ុន Toyota បានដាក់តាំងរថយន្ត Corolla Cross H2 ដែលប្រើចំហេះអ៊ីដ្រូសែន។ យ៉ាងណាមិញ វាស្ថិតនៅត្រឹមជា Concept នៅឡើយ ហើយ Toyota ក៏បានធ្វើតេស្តវាកាលពីខែធ្នូ ឆ្នាំ២០២២ រួចមកហើយដែរ។ Corolla Cross H2 ប្រើម៉ាស៊ីនចំហេះក្នុង Turbo ចំណុះ ១,៦លីត្រ ស៊ីឡាំង៣ ដែលវាដំណើការដោយដុតអ៊ីដ្រូសែនក្នុងស៊ីឡាំងនីមួយៗរបស់វា ជំនួសសាំង តាមរយៈប្រព័ន្ធប៊ិចអ៊ីដ្រូសែន ដែលបូមចេញពីធុងអ៊ីដ្រូសែនរបស់រថយន្ត៕