ចង់ទៅលេងទឹកជ្រោះ ឬទឹកធ្លាក់! ត្រឹមខេត្តកំពង់ស្ពឺ ឬហួសហ្នឹងបន្តិច គឺមិនខ្វះទេ
- 2023-10-04 09:15:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទៅលេងទឹកជ្រោះ ឬទឹកធ្លាក់! ត្រឹមខេត្តកំពង់ស្ពឺ ឬហួសហ្នឹងបន្តិច គឺមិនខ្វះទេ
ចន្លោះមិនឃើញ
ខេត្តកំពង់ស្ពឺ មិនត្រឹមតែជាច្រកឆ្លងកាត់ដ៏សំខាន់របស់ខេត្តកោះកុង ព្រះសីហនុ និងកំពតនោះទេ ប៉ុន្តែខេត្តនេះ គឺសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើន ជាពិសេសគឺរមណីយដ្ឋានទឹកជ្រោះ ឬទឹកធ្លាក់ ដែលសុទ្ធតែល្បីៗ។ ដូច្នេះ យើងសូមបង្ហាញរមណីយដ្ឋានប្រភេទនេះដូចខាងក្រោម៖
គិរីរម្យ: ស្ថិតក្នុងឃុំគិរីរម្យ ស្រុកភ្នំស្រួច។ រមណីយដ្ឋាននេះ ទទួលភ្ញៀវទេសចរមិនចេះដាច់ ដោយសារតែទីតាំងមិនឆ្ងាយប៉ុន្មានឡើយ ពីរាជធានីភ្នំពេញ រួមជាមួយទេសភាពដ៏ស្រស់ត្រកាល ជាពិសេសដើមស្រល់។ លើសពីនេះ មិនត្រឹមតែមានទឹកអាចងូតកម្សាន្តឡើយ ប៉ុន្តែរមណីយដ្ឋាននេះ ក៏មានកន្លែងទាក់ទាញមួយចំនួនទៀតដែរ ដូចជា ព្រះរាជដំណាក់ ថ្មលយ និងមានកន្លែងបោះតង់ផងដែរ។
ចំបក់ៈ ស្ថិតនៅផ្លូវទៅជាមួយគិរីម្យដូចគ្នា ដោយគ្រាន់តែដល់ផ្លូវបំបែក គឺបត់ឆ្វេងឡើងទៅគិរីរម្យ និងទៅត្រង់គឺសំដៅទៅទឹកជ្រោះចំបក់។ នៅទីនោះ គឺមានសហគមន៍ចំបក់ ដែលអ្នកអាចផ្ញើចតយានជំនិះ រួចបន្តដំណើរដោយថ្មើរជើងឡើងភ្នប្រហែលគីឡូម៉ែត្រ នឹងទៅដល់ទឹកជ្រោះចំបក់ ដែលអាចងូតទឹកលេងកម្សាន្តយ៉ាងត្រជាក់ចិត្ត។
ទឹកធ្លាក់អូតាសេក: ស្ថិតនៅលើភ្នំគិរីរម្យដែលទីនេះមានទឹកធ្លាក់យ៉ាងគំហុកបន្លឺសម្លេងយ៉ាងឮ។ ភ្ញៀវអាចលេងទឹកដែលហូរមកពីខាងលើភ្នំដ៏ត្រជាក់ និងរីករាយជាមួយទេសភាពដែលព័ទ្ធជុំវិញទៅដោយធម្មជាតិ រុក្ខជាតិតូចធំ ប៉ុន្តែតំបន់នេះមិនសូវជាមានអ្នកទេសចរដឹងច្រើននៅឡើយទេ។
ទឹកជ្រោះជ្រាវ: ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង។ សម្រាប់ផ្លូវធ្វើដំណើរទៅរមណីដ្ឋាននេះ គឺមានភាពងាយស្រួលណាស់ ក៏មិនឆ្ងាយពីភ្នំពេញដែរ។ អ្នកទេសចរ អាចងូតលេងកម្សាន្តបានយ៉ាងសប្បាយ។ មិនតែប៉ុណ្ណោះ ទឹកជ្រោះក៏មានច្រើនដំណាក់ដែរ តាមចំណង់ចំណូលចិត្តរៀងៗខ្លួន។
ទឹកធ្លាក់អូរគគី: ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤ ហើយអាចឃើញទឹកធ្លាក់នេះតែម្តង ដោយគ្រាន់តែធ្វើដំណើរចុះពីកន្លែងបន់ស្រន់លោកយាយម៉ៅបន្តិចតែប៉ុណ្ណោះ។ ភ្ញៀវនឹងទទួលអារម្មណ៍សប្បាយរីករាយក្រៃលែងជាមួយទឹកដ៏ត្រជាក់ ដែលធ្លាក់ពីលើភ្នំដ៏ខ្ពស់។
ក្រៅពីនេះ ក៏មានរមណីយដ្ឋាន២ទៀត ដោយគ្រាន់តែធ្វើដំណើរតាមផ្លូវជាតិលេខ៤ ហួសខេត្តកំពង់ស្ពឺបន្តិច គឺ ថ្មរូង ដែលស្ថិតក្នុងឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និង ទឹកជ្រោះ៩ជាន់ ដែលបត់ចូលតាមក្លោងទ្វារ តំបន់តេជោអភិវឌ្ឍន៍ ត្រង់ចំណុចគីឡូម៉ែត្រ ៩៩ និង ១០០៕