ឆាមីសួរ តែង​ធ្វើជាចង្ហាន់​ទៅ​វត្ត​ក្នុងបុណ្យភ្ជុំបិណ្ឌ ព្រោះមាន​ប្រេតមួយពួក មាន​មាត់​តូច​ប៉ុនគូទម្ជុល

  • 2023-10-05 03:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆា​មី​សួរ គឺ​ជា​មុខ​ម្ហូប​​​​មួយ​ប្រភេទ ដែល​គេ​តែង​ធ្វើ​ជា​ចង្ហាន់​យក​ទៅប្រគេន​ព្រះ​សង្ឃ​ ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​។ តើ​មូល​ហេតុ​អ្វី​បាន​ជា​ចាស់​ៗ​ផ្ដាំ​ឲ្យ​​កូន​ចៅ​ធ្វើ​ម្ហូប​នេះ​ទៅ​វត្ត​?

ព្រះ​ភិក្ខុ​ ធួន​ ច័ន្ទ​ថន​ គង់​នៅ​វត្ត​សន្សំ​កុសល​ រាជ​ធានី​ភ្នំ​ពេញ​ បាន​​​មាន​សង្ឃដីកា​​ថា​ ការ​ចម្អិនមី​សួរ ឬ​គុយទាវ​ ដើម្បី​ធ្វើ​ជា​ចង្ហាន់​យក​ទៅ​វត្ត​នេះ ​គឺ​ដោយ​សារ​​តែ​មាន​ជំនឿ​មួយ​ទាក់​ទង​នឹង​​​​ប្រេត​មួយ​ពួក។ ប្រេត​ទាំង​​នោះ​មាន​មាត់​តូច​ប៉ុន​គូថ​ម្ជុល​ ​​មិន​អាច​បរិភោគ​ចំណី​អាហារ​ដែល​មាន​ទំហំ​ធម្មតា​​​បាន​ទេ។

ដូច​នេះ​ហើយទើប​ពុទ្ធ​បរិស័ទ​ដែល​ភ័យ​ខ្លាច​ញាតិកា​របស់​ខ្លួន​មាន​បាប​កម្ម​ធ្លាក់​ទៅ​ចាប់​កំណើត​ជា​​ប្រេត​ជំពូក​នេះ​​ ពួក​គាត់​នាំ​គ្នា​ចម្អិន​​មី​សួរ​យក​ទៅ​វត្ត​​ដើម្បី​អាច​ឲ្យ​ប្រេត​ទាំង​នោះ​​ទទួល​យក​អាហារ​បាន​ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​នោះ​ឡើយ​ថា ​បុព្វ​ការី​ជន​របស់​ខ្លួន​បាន​ចាប់​កំណើត​​ជា​អ្វី​ឲ្យ​​ប្រាកដ។​​

តាម​ឯក​សារ​មួយ​ចំនួន​បាន​បង្ហាញ​ថា ​ពពួក​ប្រេត​ដែល​មាន​លក្ខណៈ​ដូច​ដែល​ព្រះ​ភិក្ខុ ធួន​ ច័ន្ទ​ថន​ លើក​ឡើង​ខាង​លើ ​គឺ​ត្រូវ​នឹង​ពពួក​​ប្រេត​ឈ្មោះ​ "សុចិមុខ"។​ តាម​រយៈ​សៀវ​ភៅ​កំណាព្យ​​ល្បើក​ប្រេត របស់​លោក​ សុង ស៊ីវ បាន​សរសេរ​ថា​​ប្រេត​​ឈ្មោះ សុចិមុខ នេះ​គឺ​ជា​ប្រភេទ​ប្រេត​មួយ​ពួក​ដែល​មាន​ខ្លួន​ធំ​​ប៉ុន​ភ្នំ​ ដៃ​ជើង​វែង​ៗ តែ​មាត់​វិញ​ស្រួច​ រន្ធ​មាត់​ប៉ុន​គូថ​ម្ជុល ក្បាល​ធំ​ត្រមែង​ ភ្នែក​លៀន​ក្រឡោត​ ក្រចក​ដៃ​វែង​ៗ​​ កើត​ស្រែង​ស៊ី​ជុំ​ជិត សាច់​ពក​ធំ​ៗ​ដូច​ជា​ថ្ម​ ​ស្បែក​​ក្រាស់​គគ្រាត​ ស្លែ​ដុះ​ព្រោង​ព្រាត សក់​ក្បាល​ពុក​មាត់​​ និង​ ពុក​ចង្កា​ដុះ​​ដូច​ ព្រឹក្សា​។

ពួក​ប្រេត​ប្រភេទ​នេះ​ច្រើន​រស់​នៅ​តាម​ព្រៃ​​​ជ្រៅ​ និង​ ភ្នំ​គិដ្ប​កូដ។ ​ប្រេត​នេះ​ផឹក​ទឹក​មិន​ចូល​​ ស៊ី​បាយ​មិន​រួច ព្រោះ​តែ​មាត់​តូច​ពេក​ រស់​នៅ​​ដោយ​ភាព​ស្រេក​ឃ្លាន​​រង​កម្ម​​វេទនា​ខ្លោច​ផ្សារ ​ក៏​ព្រោះ​តែ​ជាតិ​មុន​មិន​ខិត​ខំ​សន្សំ​បុណ្យ​កុសល​ ​មាន​ទ្រព្យ​​​ ប៉ុន្តែ​បង្អត់​​មិន​ទិញ​ចំណី​អាហារ​អី​​ឲ្យ​មាតា​បិតា​ពិសា​ គម្រិះ​​ម៉ៅ​ស្វិត​ហួស​កម្រិត​៕

អត្ថបទថ្មី