មកដឹងប្រវត្តិ ដ៏កម្សត់របស់អគ្គនយក ភុំ សុវណ្ណារ័ត្ន មុនក្លាយជាអ្នកជំនួញល្បីឈ្មោះនៅកម្ពុជា

  • 2023-10-05 07:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាសហគ្រិនវ័យក្មេងមួយរូប លោក ភុំ សុវណ្ណារ័ត្ន ធ្លាប់គេពេបជ្រាយថាខ្លួនជាមនុស្សប្រុស បែរជាទៅប្រកបជំនួញគ្រឿងសម្អាងទៅវិញ។ ដោយមានឈាមជ័រជាកូនកសិករ និងមានជីវភាពមិនសូវធូរធាផងនោះ លោកបានសង្កត់ចិត្ត ហើយខ្នះខ្នែងពង្រឹងជំនួញមួយនេះរហូតបានជោគជ័យ ក្លាយជាអគ្គនាយករបស់ក្រុមហ៊ុនសាប៊ូកក់សក់ U-Well។

ក្នុងវ័យ ២៩ឆ្នាំ លោក ភុំ សុវណ្ណារ័ត្ន ត្រូវបានគេមើលឃើញថា ជាយុវជនដ៏មានសក្កដានុពល កំពុងតែបន្តការសិក្សាថ្នាក់បណ្ឌិត ហើយលោកមានទេពកោសល្យខ្ពស់ក្នុងការធ្វើជំនួញ ដោយបានយកវីរៈភាពរបស់ឪពុកធ្វើជាគំរូ។ ត្បិតអតីតកាលឪពុករបស់លោកជាកសិករមានការតស៊ូខ្ពស់ប្រឹងប្រែងរកស៊ីរហូតដល់ចំណុចមួយដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញខ្លួន។ នៅឆ្នាំ២០១៦ លោកចាប់ផ្ដើមសេវាកម្មជួយទិញទំនិញពីប្រទេសចិនដែលជាអាជីវកម្មបម្រើសេវាកម្មដំបូងគេបំផុតនៅប្រទេសកម្ពុជា។

លោកបានលើកឡើងថា នៅពេលអតិថិជនកក់ប្រាក់លោក យកទៅកក់បន្តទៅរោងចក្រដោយមិនចាំបាច់ប្រើប្រាស់ទុនផ្ទាល់ខ្លួនឡើយពីមួយថ្ងៃទៅមួយថ្ងៃ លោកក៏បានសាងមិត្តភាព និងទំនាក់ទំនងល្អជាមួយដៃគូអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនរហូតលោក ចាប់ផ្ដើមទទួលការធ្វើប្រេនផ្គត់ផ្គង់គ្រឿងសម្អាងគ្រប់ប្រេទសម្រាប់ម្ចាស់ប្រេនធំនៅក្នុងប្រទេសជាលក្ខណៈឯកជន។

ទន្ទឹមគ្នានេះ លោកក៏មានបញ្ហាប្រឈមមួយដែរ គឺប្រាក់ដែលលោក ខំសន្សំ ៣ឆ្នាំពីអាជីវកម្មត្រូវរលាយអស់ត្រឹមរយៈពេល១ថ្ងៃ ព្រោះតែចាញ់ល្បិចបុរសម្នាក់ទៅលើការវិនិយោគ។ ពេលនោះហើយដែលលោក បានកើតជំងឺបាក់ទឹកចិត្តរាប់ខែ។ តែក្រោយមកលោក បានតស៊ូជម្នះគ្រប់ឧបសគ្គពីបាតដៃទទេម្ដងទៀត។

បើតាមអ្នកជំនួញវ័យក្មេង មានទឹកចិត្ដតស៊ូរូបនេះ ស្ថិតក្នុងវិស័យគ្រឿងសម្អាងទាំងដែលខ្លួនជាបុរសត្រូវបានមនុស្សម្នារសើចចំអក និងមិនជឿថាលោកអាចធ្វើបាន។ ប៉ុន្តែចុងក្រោយលោកនៅតែជម្នះរហូតដល់បានជោគជ័យ។ ក្នុងនាមជាអគ្គនាយកមួយរូប លោក ភុំ សុវណ្ណារ័ត្ន មានចក្ខុវិស័យកសាងអនាចក្ររបស់ខ្លួន ដោយប្រើប្រាស់ធនធានរបស់ខ្លួនឯង ដោយដាក់គោលដៅជីវិតផ្សាភ្ជាប់ការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនជាមួយកម្មវិធីមនុស្សធម៌ ដោយមិនផ្ដោតសំខាន់លើប្រាក់ចំណេញនោះឡើយ។ ពោលគឺបង្វិលប្រាក់ចំណេញភាគច្រើនទៅកាន់ជនទីទ័លក្រដូចអ្វីដែលលោក បានធ្វើកន្លងមក៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី