ដើមឡើយ គេមិនហៅ​ថាបុណ្យភ្ជុំទេ ដោយពេល​នោះ​គេ​មាន​បែងចែកជាពីរដំណាក់កាល

  • 2023-10-06 02:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​តម្រា​ចារតាម​ប្រវត្តិសាស្រ្ត​នៃប្រទេស​កម្ពុជា បានបង្ហាញ​ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមាន​តាំង​ពី​បុរាណ​កាលមកម្ល៉េះ ប៉ុន្តែកាលពីសម័យមុន​គេមិនហៅ​ថាបុណ្យភ្ជុំទេ ដោយ​នៅក្នុងពិធីនេះ គេមាន​បែងចែក​ជា២ដំណាក់កាល។ ដំណាក់កាលដំបូង គឺ​គេ​ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃទី ១៤រោច គឺជា​វារកភត្ត (ភត្ត​ធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែក​មួយ​ដំណាក់កាលទៀត​គេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថា បុណ្យភ្ជុំ ហើយ​ពិធីបុណ្យ​ទាំងពីរ​ដំណាក់កាលនេះ បច្ចុប្បន្ន​ត្រូវបាន​គេបញ្ចូលគ្នា ដោយ​ហៅកាត់ថា ពិធី​បុណ្យភ្ជុំបិណ្ឌ។

ពាក់ព័ន្ធ​នឹង​ពិធី​បុណ្យភ្ជុំបិណ្ឌ​នេះ មានគម្ពីរ៣ ដែលបកស្រាយ​ពិធី​បុណ្យ​កាន់បិណ្ឌនេះ​គឺ៖

១. គម្ពីរ បេតវត្ថុ៖ បកស្រាយ​ពីរឿងប្រេត គម្ពីរ​អានិសង្ឃ​បិណ្ឌ​និយាយ​អំពី​ផល​នៃការធ្វើបុណ្យ

២. គម្ពីរ​ពិទ្យាធរ ឬគម្ពីរ​វិជ្ជាធរ៖ តំណាល​អំពី​ប្រពៃណីរបស់​ខ្មែរ ដែលមាន​ជាប់ទាក់ទង​ដល់​សព្វថ្ងៃ

៣. គម្ពីរ​វិមាន​វត្ថុ៖ គម្ពីរ​ធម្មបទ ជាដើម...។

បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។ រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌‌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ"។

ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ៕

ដកស្រង់ចេញពីឯកសារ «បុណ្យភ្ជុំបិណ្ឌ» រៀបរៀងដោយលោកស្រី បណ្ឌិត ជា វណ្ណី ប្រធានផ្នែកធម្មសាស្រ្ត និងចរិយាសាស្រ្ត​នៃវិទ្យាស្ថានមនុស្ស​សាស្រ្ត និងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទថ្មី