សាលី អ៊ូម៉ើត៖​ ជ័យជម្នះ​នៅ​អាមេរិក​ធ្វើ​ឲ្យ​ពិភពលោក​ភ្លឺ​ភ្នែក​ កម្ពុជា​តូច​ ប៉ុន្តែ​មាន​សមត្ថភាព​

  • 2023-10-25 03:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​ផ្នែក​កីឡា​ម៉ូតូទឹក​ សាលី​ អ៊ូម៉ើត​ ថា​ជ័យជម្នះ​ធំធេង​ក្នុង​ប្រទេស​អាមេរិក​លើក​នេះ​គឺ​បង្ហាញ​ទង់ជាតិ​ខ្មែរ​ដល់​ពិភពលោក​ឲ្យ​កាន់តែ​ភ្លឺ​ភ្នែក​ថា​ប្រទេស​កម្ពុជា​តូច​មែន​ ប៉ុន្តែ​មាន​ធនធាន​ពោរពេញ​ដោយ​សមត្ថភាព​មិន​ធម្មតា។​

សាលី អ៊ូម៉ើត (ស្ដាំ)

សាលី​ អ៊ូម៉ើត​ បាន​ឲ្យ​ដឹង​ពេល​មក​ភ្នំពេញ​ម្សិលមិញ​នេះ​ថា​ ជា​កិត្តិយស​ណាស់​សម្រាប់​ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍​ WGP#1 WATERJET WORLD SERIES 2023 (USA-ROUND 3)​ ដែល​កម្ពុជា​ឈ្នះ​មេដាយ​សរុប​រហូត​៩គ្រឿង។​

កីឡាករ សាលី អ៊ូម៉ើត​

ជ័យជម្នះ​ដ៏​ធំធេង​មួយ​នេះ​គឺ​បាន​បង្ហាញ​ដល់​ប្រទេស​អាមេរិក​ និង​ពិភពលោក​ស្គាល់​កាន់​តែ​ច្បាស់​អំពី​កម្ពុជា​ ថា​ប្រទេស​តូច​មែន​ ប៉ុន្តែ​សមត្ថភាព​ប្រកួត​ ធនធាន​កីឡាករ​ មិន​ធម្មតា​នោះ​ទេ។​ សាលី​ អ៊ូម៉ើត​ ប្ដេជ្ញា​ចិត្ត​ថា​នឹង​ប្រឹងប្រែង​បង្វឹក​អ្នក​ជំនាន់​ក្រោយ​ឲ្យ​រឹតតែ​មាន​សមត្ថភាព​បន្ថែម​ទៀត​ដើម្បី​ធនធាន​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ក្រោយៗ​ទៀត។​

ទិដ្ឋភាពប្រគល់ជយលាភី

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ WGP#1 WATERJET WORLD SERIES 2023 (USA-ROUND 3)​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៤​ ដល់​ ៨​ ខែ​តុលា​ ឆ្នាំ​២០២៣​ នៅ​សហរដ្ឋអាមេរិក។​ កម្ពុជា​ឈ្នះ​មេដាយ​មាស៤​ ប្រាក់៤​ និង​សំរឹទ្ធ១​ សរុប​ ៩​គ្រឿង។​ ម្សិលមិញ​នេះ​ការមក​ដល់​របស់​ក្រុម​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​គឺ​មាន​ការ​ទទួលស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ និង​អគ្គនាយកដ្ឋាន​កីឡា​ និង​មហាជន​ជា​ច្រើន​ផង​ដែរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៕​

ទិដ្ឋភាពមកដល់ម្សិលមិញ (Cambodia2023)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម