ឯកឧត្តម ហ៊ុន ម៉ានី រំពឹងថា យុទ្ធនាការភ្នំពេញស្អាត២០២៣ នឹង​ទទួលបាន​ប្រជាប្រិយភាព និងជះឥទ្ធិពលជា​វិជ្ជមាន

  • 2023-11-03 08:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ និងជាសហស្ថាបនិក​នៃគម្រោងស្អាត បាន​បង្ហាញ​ក្តី​រំពឹងថា យុទ្ធនាការភ្នំពេញស្អាត២០២៣ នឹង​ទទួលបានប្រជាប្រិយភាព និងជះឥទ្ធិពលជាវិជ្ជមាន ដើម្បីបង្កើតភាព​ជាគំរូទៅដល់​យុវជន​ជំនាន់ក្រោយ ជាមួយផ្នត់គំនិតចូលរួម​ជាដំណោះស្រាយលើបញ្ហាប្រឈម ដែលសង្គម​ជាតិ​ទាំងមូលកំពុងជួប​ប្រទះ។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធីបើកយុទ្ធនាការ​ភ្នំពេញ​ស្អាតឆ្នាំ​២០២៣ នាព្រឹកថ្ងៃ៣ ខែវិច្ឆិកា នៅ​សាកលវិទ្យាល័យ​ភ្នំពេញអន្តរជាតិ។

ឯកឧត្តម បាន​មានប្រសាសន៍ថា យុទ្ធនាការ​ភ្នំពេញស្អាត បាននឹង​កំពុងរួមចំណែក​យ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​អាជ្ញាធរមូលដ្ឋាន​ក្រោមការដឹកនាំរបស់​រដ្ឋបាល​រាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមដោះស្រាយ​បញ្ហាសំរាម​ក្នុងរាជធានីភ្នំពេញ។

សូមជម្រាប​ថា យុទ្ធនាការ​ភ្នំពេញស្អាត២០២៣ ក្រោមពាក្យស្លោក «សីលធម៌យើងប្រពៃ ខ្មៃរយើងថ្លាថ្លៃ» នឹងផ្តោតបន្ថែម​ទៅលើ​ការ​បញ្ជ្រាបសារអប់រំ ដើម្បីលើកកម្ពស់​វប្បធម៌ និងសីលធម៌សង្គម ដោយប្រតិបត្តិស្របនឹង​យន្តការរបស់​រាជរដ្ឋាភិបាល។ ក្រោមពាក្យស្លោកនេះ យុទ្ធនាការស្អាត២០២៣ នឹងផ្តោត​ទៅលើ​គោលគំនិត​សំខាន់ៗចំនួន៣ គឺ ចិត្តគំនិតស្អាត អកប្បកិរិយាស្អាត ប្រតិបត្តិស្អាត និងផែនការសកម្មភាព​ចំនួន៤ គឺ​ចិត្តខ្ញុំស្អាតខ្មែរស្អាត ការងាររបស់ខ្ញុំស្អាតខ្មែរស្អាត ខ្មែរ​ទំពាំងស្អាត​ខ្មែរស្អាត និង​ធរកិច្ចយើងស្អាតខ្មែរស្អាត។

ឯកឧត្តម ហ៊ុន ម៉ានី បាន​បញ្ជាក់​ថា បេសកកម្មចម្បង​របស់​ភ្នំពេញស្អាត ដែលជាផ្នែកមួយ​នៃគម្រោងស្អាត គឺកិច្ចសហការ​ជាមួយក្រសួងស្ថាប័ន និងឯកជន ដៃគូសហការពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយសារៈសំខាន់ពីភាពស្អាត និងវិធីសាស្រ្ត​ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងគោលដៅ​ជំរុញ​កិច្ចការពារបរិស្ថានល្អ អនាម័យស្អាត សោភណ្ឌភាពស្រស់បំព្រង ជាផាកសុខភាព ដែល​ជាភាពស៊ីវិល័យ​របស់​សង្គមសម័យទំនើប។ ជាក់ស្តែង​ជោគជ័យ​នៃយុទ្ធនាការនេះ ទាមទារ​ឱ្យមានកិច្ចសហការល្អ និងយោគយល់គ្នាទៅវិញទៅមករវាងប្រតិបត្តិករជាច្រើន រួមមាន ប្រជាពលរដ្ឋគ្រប់រូប ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុនឯកជន សមាគម និងអង្គការ​មិនមែន​រាជរដ្ឋាភិបាល ចូលរួមទាំងអស់គ្នា ទទួលខុសត្រូវទាំងអស់គ្នា ដើម្បីភាពស្អាត និងភាពស្រស់បំព្រងនៃបរិស្ថានជុំវិញ។

ឯកឧត្តម​បន្ថែម​ថា បទពិសោធន៍​និងដំណើរវិវត្តន៍ ៦ឆ្នាំ​កន្លងមក​របស់​យុទ្ធនាការស្អាត នឹង​អាចក្លាយ​ជាមូលដ្ឋាន និងជាធាតុចូលបន្ថែមទៀត​ដល់ក្រុម​ការងារស្អាត​ជារួម និងក្រុមការងារស្នូល និងយុវជនសុច្ឆន្ទៈស្អាតទាំងអស់ ដែលបានបន្តបេសកកម្មស្អាត សម្រាប់ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម