ផ្លូវល្បឿនលឿន រក្សា​តម្លៃដដែលក៏ពិតមែន តែមាន​ចំណុច១ដែលខុសគ្នា​រវាងអ្នកប្រើប្រាស់​គន្លង ETC និងបង់សាច់ប្រាក់​សុទ្ធ

  • 2023-11-08 02:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា ក្រុមហ៊ុន​ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បាន​សម្រេច​បន្ត​រក្សា​តម្លៃដដែល (គឺបញ្ចុះ២០%) ដើម្បីជា​ការអបអរសាទរ​ខួប១ឆ្នាំ នៃការបើកឱ្យដំណើរការផ្លូវល្បឿនលឿន​នេះ និងដោយមានការសម្របសម្រួលពី រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ។ ប៉ុន្តែមាន​ចំណុចខុសគ្នា​មួយ​ចំពោះ​ការរក្សាតម្លៃនេះ គឺ៖

  • អ្នកប្រើប្រាស់​គន្លង ETC និង ANPR៖ ក្រុមហ៊ុន​បន្តរក្សាតម្លៃដដែលនេះ​រយៈពេលពេញមួយឆ្នាំ គិតពីថ្ងៃទី១ វិច្ឆិកា ២០២៣ ដល់ ថ្ងៃទី៣១ តុលា ២០២៤។

  • អ្នកប្រើប្រាស់​ផ្លូវ ដែលទូទាត់​ជាសាច់ប្រាក់សុទ្ធ (MTC)៖ ក្រុមហ៊ុន​រក្សាតម្លៃដដែល​ត្រឹមតែរយៈពេល ៦ខែប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី ១ វិច្ឆិកា ២០២៣ ដល់ ថ្ងៃទី៣០ មេសា ២០២៤។

យោងតាម​ក្រសួងសាធារណការ ក្នុងរយៈពេល ១ឆ្នាំនេះមានយានយន្តធ្វើដំណើរសរុបចំនួន ៤ ៦៧៩ ២២២ គ្រឿង។ ផ្លូវល្បឿនលឿននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយក នូវបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរជូន ដល់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេស ផ្លូវមួយខ្សែនេះបានចូលរួមសម្រួលដល់ការ ដឹកជញ្ជូនទំនិញរវាង ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន៕

អត្ថបទ៖ សំភី