ចូលរួម​អបអរ​វីរ​កីឡាករ​ សាលី​ អ៊ូម៉ើត​ ក្លាយ​ជា​អគ្គលេខាធិការ​ និង​ជា​កម្លាំង​ស្នូល​សហព័ន្ធ​ម៉ូតូ​ទឹក​

  • 2023-11-15 05:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​ប្រកាស​វិរកីឡាករ​ សាលី​ អ៊ូម៉ើត​ ក្លាយ​ជា​អគ្គលេខាធិការ​សហព័ន្ធ​ចាប់​ពី​ពេល​នេះ​តទៅ​ដើម្បី​ជំរុញ​លើ​ការ​អភិវឌ្ឍន៍​ឲ្យ​រឹតតែ​រីកចម្រើន​កាន់​តែលឿន​បន្ថែម​ទៀត។​

ទិដ្ឋភាពប្រជុំព្រឹកមិញ

ឯកឧត្ដម​ ណុះ​ ស្លេះ​ ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​បាន​ឲ្យ​ដឹង​ថា​ មុន​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នេះ​គឺ​ សាលី ​អ៊ូម៉ើត​ ធ្វើ​ជា​អគ្គលេខាធិការ​សហព័ន្ធ​ម្ដង​ហើយ​ ប៉ុន្តែ​ដោយ​សារ​ច្បាប់​កីឡា​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​មាន​មុខងារ​ពីរ​ ដូច្នេះ​រូប​គេ​ជា​កីឡាករ​ស្នូល​រក​មេដាយ​ជូន​ជាតិ​ផង​នោះ​ក៏​ស្នើ​ឲ្យ​លាលែង​ពី​អគ្គលេខាធិការ​ទៅ​ត្រឹម​ជា​កីឡាករ​វិញ។​

ឯកឧត្ដម​ ណុះ​ ស្លេះ​ ប្រធាន​សហព័ន្ធ​

បន្ទាប់​ពី​រួចរាល់​ការងារ​ស៊ីហ្គេម​ហើយ​នោះ​ ឥលូវ​លោក​ សាលី​ អ៊ូម៉ើត​ បាន​ស្ម័គ្រចិត្ត​ចូល​ធ្វើ​ជា​អគ្គលេខាធិការ​សហព័ន្ធ​ជា​ថ្មី​វិញ។​ នៅ​ថ្មីៗ​នេះ​គឺ​វិរ​កីឡាករ​រូប​នេះ​បាន​ដឹកនាំ​ក្រុម​ម៉ូតូ​ទឹក​កម្ពុជា​ទៅ​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ទទួល​បាន​ជោគជ័យ​ធំធេង​ណាស់​សម្រាប់​ប្រទេស​ជាតិ។​

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ កីឡា​មួយ​នេះ​រីកចម្រើន​អភិវឌ្ឍន៍​ទៅ​បាន​លុះត្រាតែ​មាន​ការ​សហការ​គ្នា​ពី​គ្រប់​ភាគី​ទាំង​អស់ ​មិន​ថា​ថ្នាក់ដឹកនាំ​ មន្ត្រី​ កីឡាករ​ និង​សមាជិក​ក្លឹប​នោះ​ទេ​គឺ​សុទ្ធតែ​ជា​ចំណែក​សំខាន់​ដែល​ត្រូវ​ជួយ​គ្នា។​

កីឡាករ​ សាលី​ អ៊ូម៉ើត​

សាលី​ អ៊ូម៉ើត​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ការងារ​ជា​អគ្គលេខាធិការ​សហព័ន្ធ​នេះ​គឺ​សំខាន់​ និង​មិន​សូវ​មាន​នរណា​ចង់​មក​កាន់​តំណែង​នេះ​ទេ​ ព្រោះ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ​ ពិសេស​ការងារ​បច្ចេកទេស​ផ្សេងៗ។​ ដែល​ទាំង​នេះ​គឺ​ទាល់តែ​អ្នក​មាន​បទ​ពិសោធ​ច្រើន​ និង​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ផ្សេងៗ​នៅ​លើ​ឆាក​អន្តរជាតិ។​ យ៉ាងណា​ ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ ឆ្នាំ​២០១៨​ រូប​នេះ​ថា​នឹង​ខំប្រឹង​ប្រឹងប្រែង​ដឹកនាំ​កីឡាករ​មួយ​ឲ្យ​រីកចម្រើន​កាន់​តែ​ខ្លាំង​ បណ្ដុះ​ធនធាន​ បង្កើត​ព្រឹត្តិការណ៍​នានា​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​នៅ​ពេល​ខាង​មុខ​ពិសេស​ការ​ប្រកួត​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​ និង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ផង​ដែរ។​

ទិដ្ឋភាពប្រជុំព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកាសតួនាទី​ជា​អគ្គលេខាធិការ​​ និង​អនុប្រធាន​សហព័ន្ធ​ម៉ូតូទឹក​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹកមិញ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ និយាយ​ពី​ផែនការ​ប្រកួត​វិញ​សហព័ន្ធ​នឹង​ធ្វើ​ការ​ប្រកួត​ធំ​មួយ​នៅ​ថ្ងៃ​បុណ្យ​សមុទ្រ​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នេះ​ដើម្បី​ជា​ការ​អបអរ​ជូន​ដល់​អ្នក​ខេត្ត​កែប៕​

កីឡាករកម្ពុជាឈ្នះនៅអាមេរិក

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី