កីឡាករ​ឆ្នើម​ សារ៉ាយ សុខមុន្នី​ របស់ ANGKOR JETSKI​ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ហាត់​នៅ​ថៃ​ជា​មួយ​ សាលី​ អ៊ូមើត​

  • 2023-12-08 07:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​ និង​ជា​ម្ចាស់​មេដាយ​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ សារ៉ាយ​ សុខមុន្នី​ របស់​ក្លឹប​ម៉ូតូទឹក​ ANGKOR JETSKI​ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ ជា​មួយ​វិរ​កីឡាករ​ សាលី​ អ៊ូម៉ើត​ ត្រៀម​ការ​ប្រកួត​កម្រិត​ពិភពលោក។​

លោក​ គីម​ សែ​ ប្រធាន​ក្លឹប​

លោក​ គីម​ សែ​ ប្រធាន​ក្លឹប​ ANGKOR JETSKI​ បាន​ឲ្យ​ដឹង​ថា​ មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​កីឡាករ​ក្នុង​ក្លឹប​គឺ​ សារ៉ាយ​ សុខមុន្នី​ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ដើម្បី​ត្រៀម​ការ​ប្រកួត​ពិភពលោក​នៅ​ពេល​ខាង​មុខ។​

កីឡាករ សារ៉ាយ សុខមុន្នី​

បច្ចុប្បន្ន​នេះ​កីឡាករ​ខ្លួន​បាន​ទៅ​ដល់​ប្រទេស​ថៃ​ហើយ ​ដោយ​ដឹកនាំ​ពី​វីរ​កីឡាករ​ សាលី​ អ៊ូម៉ើត​ ដែល​ជា​ការ​ទទួល​បន្ទុក​ពី​សហព័ន្ធ​ និង​ដៃគូ​សហការ។​ ការ​ស្នាក់នៅ​ និង​ហ្វឹកហាត់​នេះ​គឺ​នៅ​ក្លឹប​ FLAMINGO​ ក្នុង​ប្រទេស​ថៃ។​ ការ​ហ្វឹកហាត់​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ សារ៉ាយ សុខមុន្នី​ ក្នុង​ការស្វែង​រក​បទ​ពិសោធ​ថ្មី​ ពង្រឹង​បច្ចេកទេស​ បំពេញ​បន្ថែម​ចំណុច​ខ្វះខាត​កន្លង​ទៅ។​

សារ៉ាយ សុខមុន្នី​ ប្រកួត​នៅបុណ្យសមុទ្រ

ការ​ហ្វឹកហាត់​នេះ​ក៏​ជា​ការ​ត្រៀម​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពិភពលោក​នៅ​ថៃ​ឆាប់ៗ​នេះ​មែន​ បើទោះ​ទទួល​បាន​លទ្ធផល​ ឬ​មិន​ល្អ​ក្ដី ​តែ​វា​ជាការ​សន្សំ​បទ​ពិសោធ​ប្រកួត​ដ៏​ល្អ​មួយ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​មេដាយ​អន្តរជាតិ​នៅ​ពេល​ខាង​មុខៗ​ទៀត។​

ប្រធាន​ក្លឹប​ ANGKOR JETSKI​ ថ្លែង​អំណរគុណ​ដល់​វីរ​កីឡាករ​ សាលី ​អ៊ូម៉ើត​ សហព័ន្ធ​កីឡា​ម៉ូតូទឹក​កម្ពុជា​ និង​ក្លឹប​ FLAMINGO​ ដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​ធនធាន​កីឡាករ​ដែល​មាន​សមត្ថភាព​ រួម​ចំណែក​ពង្រឹង​សមត្ថភាព​ថ្នាល​ឲ្យ​មាន​ឱកាស​ហ្វឹកហាត់​ជា​មួយ​អ្នក​អាជីព​ ឬ​ចេញ​ក្រៅ​សន្សំ​បទ​ពិសោធ​ដូច​នេះ។​ នេះ​ការ​អភិវឌ្ឍន៍​មួយ​ដល់​ល្អ​សម្រាប់​វិស័យ​កីឡា​ម៉ូតូ​ទឹក​នៅ​កម្ពុជា។​ លោក​ជឿជាក់​ថា​កម្ពុជា​នឹង​រឹតតែ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​បន្ថែម​ទៀត​លើ​ឆាក​អន្តរជាតិ​ជា​មិន​ខាន។​

សារ៉ា សុខមុន្នី កំពុងហាត់នៅថៃ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ សារ៉ាយ​ សុខមុន្នីរ​ ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ​ និង​បុណ្យ​សមុទ្រ​ ឆ្នាំ​២០២៣​ ដែល​ទើប​បញ្ចប់​ទៅ​នេះ។​ កីឡាករ​វ័យ​ក្មេង​រូប​នេះ​ជា​សមាជិក​ក្លឹប​ម៉ូតូ​ទឹក​ ANGKOR JETSKI។​ ការ​ហ្វឹកហាត់​របស់​គេ​នៅ​ប្រទេស​ថៃ​នេះ​លេង​លើ​ប្រភេទ​ Novice Runabout 1100 Stock៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី