សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់រុនតាឯក នឹងត្រូវរៀបចំ​ឱ្យក្លាយទៅទីក្រុងតែម្តង

  • 2023-12-08 07:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា តំបន់​អភិវឌ្ឍន៍រុនតាឯក នឹង​ត្រូវរៀបចំ​ឱ្យក្លាយទៅជាទីក្រុង​មួយតែម្តង នៅក្នុងខេត្តសៀមរាប។ ការថ្លែងនេះ ធ្វើឡើង​នៅក្នុងពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០២៣។

សម្តេច​ធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា តំបន់រុនតាឯក ពីមុនគឺជាទីវាលសុទ្ធ និងមានគ្រាប់មីន ប៉ុន្តែកំពុងត្រូវបាន​អភិវឌ្ឍ​ដែលមានផ្លូវបេតុង ទឹកស្អាត និងអគ្គិសនី ហើយ​ប្រជាពលរដ្ឋថែមទាំងទទួលបាន​កម្មសិទ្ធិស្របច្បាប់ ព្រមទាំងមានសាលារៀន វត្ត និងមន្ទីរពេទ្យទៀតផង ដោយនៅពេលខាងមុខនេះ នឹង​ត្រូវរៀបចំ​ជាក្រុងរុនតាឯកតែម្តង។

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពេលដែលខ្ញុំឃើញ​ប្លង់ដំបូង តាំងពីមុនឈូសដី ខ្ញុំថាចុមប្លង់នេះ នៅស្រុកគេទាល់តែលំដាប់រីសតផ្កាយ៥ គឺការរៀបចំ​នៅក្រុង​នេះស្អាត ហើយមាន​លំដាប់លំដោយ ហើយជាក្រុងគំរូតែម្តង។ ក្រុងថ្មីតែរៀបចំតាមស្តង់ដាធំ។ មិញ​ខ្ញុំហោះពីលើមក គឺស្របទៅតាមប្លង់មេ។ ឥឡូវយើងឃើញដីចេញផ្ទះមួយចំនួន តិចទៀតមានដើមឈើ...។ ខ្ញុំគិតថា កន្លែងនេះជាក្រុងកើតក្រោយគេនៅសៀមរាប ប៉ុន្តែការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ មិនយឺតជាងគេទេ។»

បើយោងតាម​ការបង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុករបស់​សម្តេច​នាយករដ្ឋមន្រ្តី ឱ្យដឹងថា វឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ចាំបាច់នានា នៅតំបន់អភិវឌ្ឍន៍រុនតាឯក បាន និងកំពុងដំណើរការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមកដល់ពេលនេះបានសម្រេចតាមផែនការ១០០% លើការងារអាទិភាពមួយចំនួនដូចជា៖ ការតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាត ការតភ្ជាប់បណ្តាញមេផ្គត់ផ្គង់អគ្គិសនី ការស្ថាបនាផ្លូវក្រួសក្រហម ការកសាងសាលារៀនពីបឋមដល់វិទ្យាល័យ ការសាងសង់មណ្ឌលសុខភាព ដែលមានអគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅគ្រូពេទ្យ ព្រមទាំងការដំឡើងបង្គោលអង់តែនទូរស័ព្ទផងដែរ។

ជាមួយគ្នានេះ បាននិងកំពុងបន្តអនុវត្តតាមផែនការ នូវការងារចម្បងៗមួយចំនួនទៀតជាអាទិ៍ សាងសង់ផ្លូវបេតុងលើផ្លូវក្រួសក្រហមសម្រេចបាន ៧៤, ៣៦% ការសាងសង់ផ្សារ ៨ខ្នង លើផ្ទៃដី ៤,២៤ហិកតា សម្រេចបាន ៨០% ការកសាងវត្តរុនតាឯក លើផ្ទៃដី ៣ហិកតា សម្រេចបាន ៩៥% រួមមាន ព្រះវិហារ, ឧបដ្ឋានសាលា និងកុដិ ការសាងសង់មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី លើផ្ទៃដី ៤,៣៨ហ.ត សម្រេចបាន ៨៥% ការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋ ចំនួន ៤ ៤៤២ គ្រួសារស្នើ ៧៥,៧៣%៕

អត្ថបទ៖ សំភី

អត្ថបទថ្មី