រៀងរាល់ ៥នាទីម្ដង មន្ទីរពេទ្យត្រូវការឈាមសង្គ្រោះជីវិត! បុគ្គលិកក្រុមហ៊ុននេះ បន្ដស្ម័គ្រចិត្តរួមចំណែក

  • 2025-05-22 05:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិតនៅតែចាំបាច់ ហើយទាមទារឲ្យមានការចូលរួមពីមជ្ឃដ្ឋានទូទៅ។ ដើម្បីជាការរួមចំណែកសង្គ្រោះជីវិតមនុស្ស បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡា បានស្ម័គ្រចិត្តបរិច្ចាគឈាម តាមរយៈកម្មវិធីជាតិ នៃមជ្ឃមណ្ឌលជាតិផ្ដល់ឈាមកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេររេដ ខមប៉ានី លីមីធីត លោក Paulo Gaspar Rodrigues បានថ្លែងថា គិតត្រឹមខែឧសភា នេះ កូកា-កូឡាមានអាយុ ១៣៩ឆ្នាំ ហើយក្រុមហ៊ុនស្វាយអី កូកា-កូឡា ក៏ នឹងឈានចូលអាយុ៦០ឆ្នាំផងដែរ។ ប្រវត្តិអាយុកាលដ៏យូរឆ្នាំទាំងនេះ បញ្ជាក់ឲ្យឃើញថា វត្តមានរបស់កូកា-កូឡា គឺស្ថិតស្ថេរបានដោយសារការជ្រោមជ្រែងពីកត្តាធនធានមនុស្សមានដូចជា៖ ក្រុមការងារ ដៃគូសហការ និងសហគមន៍ដែលក្រុមហ៊ុនប្រតិបត្តិការជាដើម។

លោក Paulo Gaspar Rodrigues ៖ “ដូច្នេះហើយ ទើបយើងជ្រើសរើសការតបស្នង តាមរយៈការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត។ សកម្មភាពនេះហាក់សាមញ្ញ ប៉ុន្តែជាអំណោយដ៏មានតម្លៃចំពោះបុគ្គលដែលត្រូវការជំនួយដើម្បីសង្គ្រោះអាយុជីវិត។ នេះជារបៀបដែលយើងអបអរ សាទរក្នុងឱកាសអបអរខួបនៃការបង្កើតរូបមន្តកូកា-កូឡា-តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ដោយមានគោល ដៅច្បាស់លាស់ ស្របតាមចក្ខុវិស័យ ជម្រើសយើង អនាគតយើង”។

បើតាម ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ ក្រុមហ៊ុន កូកា-កូឡា បានសហការ និងចូលរួមជាបន្ដបន្ទាប់ក្នុងបេសកកម្មសង្គ្រោះជីវិតមនុស្សតាមរយៈការផ្ដល់ឈាម។ លោកបង្ហើបថា មន្ទីរពេទ្យ ត្រូវការឈាមមួយប្លោកនៅរៀងរាល់ ៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។

គ្រាន់តែនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ត្រូវការឈាមប្រចាំថ្ងៃចំនួន ៣៥០ប្លោក ខណៈដែលតម្រូវការឈាមនៅទូទាំងប្រទេសប្រមាណ ១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមមានលទ្ធភាពផ្គត់ផ្គង់ប្រមាណតែ ៧៥% នៃតម្រូវការដ៏ចាំបាច់ប៉ុណ្ណោះ។

ដូចសកម្មភាពមនុស្សធម៌មុនៗដែរ ថ្នាក់ដឹកនាំ និងបុគ្គលិក សុទ្ធតែបង្ហាញពីការយកចិត្តទុកដាក់លើសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិក និងសហគមន៍។ ក្រុមហ៊ុនបានសហការបរិច្ចាគឈាមជារៀងរាល់ឆ្នាំ ដើម្បីលើកស្ទួយសុខភាពជាតិ ជំរុញវប្បធម៌ចែករំលែក និងទំនួលខុសត្រូវសង្គម៕

សំ​ ណាង

អត្ថបទថ្មី