សម្ងំក្នុងបន្ទប់ លេងទូរស័ព្ទហួសកម្រិត អស់ពេលរាប់ឆ្នាំ រហូតដល់កើតជំងឺកម្រមួយ សូម្បីពេទ្យក៏ភ្ញាក់ផ្អើល!

  • 2025-05-22 07:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិជប៉ុនអាយុ ២៥ ឆ្នាំម្នាក់ ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺ «Dropped Head Syndrome» ដែលជាជំងឺកម្រមួយ បន្ទាប់ពីគាត់បានចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃលេងទូរស័ព្ទដៃអស់រយៈពេលជាច្រើនឆ្នាំ។ ជំងឺនេះបណ្តាលឱ្យគាត់មិនអាចលើកក្បាលឡើងបាន ដោយសារសាច់ដុំ និងឆ្អឹងកងទន់ខ្សោយខ្លាំង និង ខូចទ្រង់ទ្រាយ។

យោងតាមរបាយការណ៍នៅក្នុងទស្សនាវដ្តី JOS Case Reports កាលពីឆ្នាំ២០២៣ បុរសរូបនេះបានជួបបញ្ហាឈឺកញ្ចឹងក ខ្លាំងអស់រយៈពេល ៦ ខែ និងមានការលំបាកក្នុងការលេបអាហារ ដែលនាំឱ្យគាត់ស្រកទម្ងន់យ៉ាងឆាប់រហ័ស។ ការស្កែនបានបង្ហាញថា ឆ្អឹងកងរបស់គេបានខូចទ្រង់ទ្រាយ និងមានជាលិកាដូចស្លាកស្នាមបង្កើតឡើងនៅក្នុងឆ្អឹងខ្នង។

បុរសនេះធ្លាប់ជាកុមារសកម្ម ប៉ុន្តែនៅវ័យជំទង់ គាត់បានទទួលរងការធ្វើបាបធ្ងន់ធ្ងរនៅសាលារៀន ដែលនាំឱ្យគាត់ឈប់រៀន និងចំណាយពេលភាគច្រើននៅក្នុងបន្ទប់ដោយឯកោ ដោយលេងហ្គេមនៅលើទូរស័ព្ទ។ ទម្លាប់នេះបានធ្វើឱ្យកញ្ចឹងករបស់លោក ស្ថិតនៅក្នុងទីតាំងពត់ចុះក្រោមជាប់ៗគ្នា ដែលជាមូលហេតុចម្បងនៃជំងឺនេះ។

ដំបូងឡើយ គ្រូពេទ្យបានព្យាយាមព្យាបាលដោយប្រើខ្សែ ដើម្បីទ្រទ្រង់ក្បាល ប៉ុន្តែបុរសនេះបានរាយការណ៍ពីអារម្មណ៍ស្ពឹកនៅពេលប្រើឧបករណ៍នេះ ដែលនាំឱ្យការព្យាបាលនេះត្រូវបញ្ឈប់។ ជាជម្រើស គ្រូពេទ្យបានអនុវត្តការវះកាត់ជាបន្តបន្ទាប់ ដោយកាត់ផ្នែកខ្លះនៃឆ្អឹងកង និងជាលិកាដែលខូចចេញ ហើយបានបញ្ចូលវីស និងដែកចូលទៅក្នុងឆ្អឹងកញ្ចឹងកដើម្បីកែតម្រូវឥរិយាបថ។

បន្ទាប់ពីការវះកាត់ ៦ ខែ បុរសរូបនេះអាចលើកក្បាលបានឡើងវិញ និងរក្សាឥរិយាបថឱ្យត្រឹមត្រូវ។ ការតាមដានមួយឆ្នាំក្រោយមកបានបញ្ជាក់ថា គាត់មិនមានបញ្ហាលើកក្បាល ឬលេបអាហារទៀតទេ។ គ្រូពេទ្យបានសន្និដ្ឋានថា ជំងឺនេះទំនងជាបណ្តាលមកពីការពត់កញ្ចឹងកក្នុងទីតាំងមិនធម្មតាជាយូរ រួមផ្សំជាមួយនឹងបញ្ហាការលូតលាស់មួយចំនួន។

គ្រូពេទ្យបានជំរុញឱ្យមានការយល់ដឹងកាន់តែច្រើនអំពីគ្រោះថ្នាក់នៃការប្រើទូរស័ព្ទហួសកម្រិត ជាពិសេសក្នុងចំណោមយុវជន ដោយសារការប្រើប្រាស់ទូរស័ព្ទកំពុងកើនឡើង។ ពួកគេណែនាំឱ្យរក្សាឥរិយាបថត្រឹមត្រូវ និងកាត់បន្ថយពេលវេលាប្រើទូរស័ព្ទដើម្បីការពារបញ្ហាសុខភាពនេះ៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី