ស្ងាត់មួយរយៈ! ឥឡូវគម្រោង​ផ្លូវល្បឿនលឿន​ទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ស្ថិតក្នុងដំណាក់កាលណាហើយ?

  • 2023-12-13 07:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងផ្លូវ​ល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មកដល់បច្ចុប្បន្ន​នេះ ត្រូវបាន​ក្រុមហ៊ុន​ស្ពាន​និងថ្នល់ចិន CRBC កំពុងអនុវត្ត​ការសិក្សា​បឋម​សមិទ្ធិ​លទ្ធភាព (Preliminary Feasibility Study-PSF) ហើយ​គ្រោង​នឹង​បញ្ចប់​ការសិក្សា​កំណាត់​ភ្នំពេញ-សៀមរាប ក្នុងខែកុម្ភៈ និងកំណាត់​សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ​២០២៤ខាងមុខ។ នេះបើតាម​ការចុះផ្សាយរបស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោយ​កិច្ចប្រជុំ​គណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២៣។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវល្បឿនលឿន តភ្ជាប់ពី​រាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ ទៅតាមផែនការដែលបានគ្រោងទុក។ ផ្លូវល្បឿនលឿនខ្សែទី៣នេះ មានប្រវែងប្រមាណជាង៤០០គ.ម ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ។

បើតាមការលើកឡើង​របស់​ឯកឧត្តម ស៊ុន ចាន់ថុល នាពេលកន្លងមក ឱ្យដឹងថា គម្រោង​ផ្លូវល្បឿនលឿននេះ គឺបែងចែកជាពីរដំណាក់កាល រួមមាន ដំណាក់កាលទី១ ពីរាជធានី​ភ្នំពេញ ទៅ​ក្រុងសៀមរាប មានប្រវែង ២៥០គីឡូម៉ែត្រ និង​ដំណាក់កាលទី២ បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត ប្រវែង ១៥០គីឡូម៉ែត្រ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី