សាយ សៀរ៉ា ទម្លាយ​ដើម​ហេតុ​ម្ដាយ​ចូល​ពេទ្យសង្គ្រោះបន្ទាន់ ឥឡូវធ្វើ​ឲ្យ​លោក​គិតគូរ​កាន់តែ​ខ្លាំង​រឿង​ហូបចុក

  • 2023-12-15 09:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ពិធីករ សាយ សៀរ៉ា កំពុង​បង្កើន​ការ​មើល​ថែ​ម្ដាយ-ឪពុក ជា​ពិសេស​លើ​ការ​ហូបចុក​ប្រចាំ​ថ្ងៃ ក្រោយ​ម្ដាយ​របស់​លោក​បាន​ពុល​បន្លែ ឬ​អន្លក់​សម្រាប់​ហូប​ជាមួយ​បាញ់ឆែវ រហូត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ។

តារា​ប្រុស​វ័យ​ជ្រេ ប៉ុន្ដែ​រូប​សម្បត្ដិ​នៅ​តែ​សមសួន​រូប​នេះ ហាក់​ជួប​បញ្ហា​ច្រើន​នៅ​ចុង​ឆ្នាំ​២០២៣ ខណៈ​ដែល​ទីផ្សារ​សិល្បៈ​របស់​លោក​មិន​សូវ​មាន។ តាម​រយៈ​ការ​សាកសួរ​របស់​Sabay នៅ​រសៀល​ថ្ងៃ​ទី១៥ ខែ​ធ្នូ នេះ លោក​បញ្ជាក់​ថា បន្លែ​បាញ់ឆែវ​ដែល​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នោះ មាន​ជាតិ​ពុល បាន​ធ្វើ​ឲ្យ​ម្ដាយ​លោក​ក្អួត រាក និង​សន្លប់។ ក្រោយ​សង្គ្រោះ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជាច្រើន​ថ្ងៃ ម្ដាយ​របស់​លោក​បាន​ដឹង​ខ្លួន ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ប៉ុន្ដែ​ស្ថានភាព​សុខភាព​មិន​សូវ​ប្រសើរ​ដូច​កាល​ពី​គាត់​មិន​ទាន់​ពុល​នោះ​ទេ។

សាយ សៀរ៉ា៖ "ខ្ញុំ​លើក​ដៃ​សំពះ​សុំ​បងប្អូន​អាជីវករ​យើង​ជួយ​មើល​ប្រភព​បន្លែ​នាំ​ចូល​ផង ហើយ​កុំ​បន្ថែម​អី​ទៀត​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ហូប​គ្រប់​គ្នា...ជា​ពិសេស​ដូច​ប៉ា និង​ម៉ែ​ខ្ញុំ​ចាស់ៗ​អីចឹង​ងាយ​រងគ្រោះ​ណាស់។ ខ្ញុំ​កំពុង​តែ​អត់​លុយ​ដើរ​ខ្ចី​គេ ហើយ​ពេល​សុខចិត្ដ​ថា​លក់​ឡាន ឬ​លក់​ស្អី​ក៏​បាន​ឲ្យ​តែ​បាន​ប្រាក់​មក​សង្គ្រោះ​អ្នក​មាន​គុណ​សិន"។

   ទន្ទឹម​នឹង​ការ​តស៊ូ ពុះពារ​រក​រក​ប្រាក់​ព្យាបាល​ម្ដាយ លោក សាយ សៀរ៉ា ក៏​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​ក្មួយ​ៗ​ជាច្រើន​នាក់​នៅ​ភ្នំពេញ។ បច្ចុប្បន្ន​ម្ដាយ និង​ប៉ា​របស់​លោក​មិន​ទាន់​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ខេត្ដ​កំពង់​ចាម​វិញ​នៅ​ឡើយ​ទេ ដោយ​រស់នៅ​ជុំ​គ្នា​ជាមួយ​ក្មួយៗ ដើម្បី​តាម​ដាន​ជំងឺ​ផង និង​បាន​នៅ​ជិត​ភ្នែក​ច្រមុះ​លោក​ផង ខណៈ​ដែល​លោក​កំពុង​ស្វះស្វែង​រក​ការងារ​សិល្បៈ ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ​បណ្ដើៗ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី