ព្រះពុទ្ធបដិមា ២អង្គ ស្ថិតក្នុង​ស.វទី៧ ដែល​ប្រជាពលរដ្ឋ​ស្រុកទ្រាំង ខេត្តតាកែវ ប្រទះឃើញ ត្រូវ​បាន​យកមករក្សាទុក​នៅសារមន្ទីរជាតិ

  • 2024-01-05 02:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំក្រុមការងារនៃនាយកដ្ឋានសារមន្ទីរ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយស្នងការនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានប្រទះឃើញព្រះពុទ្ធបដិមាចំនួន២អង្គ ក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

ក្រោយការពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញបានសន្និដ្ឋានថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ សាងពីថ្មភក់ ដែលមានអាយុកាលនៅកំឡុងស.វ.ទី៧ ក្នុងរចនាបថភ្នំដា។ ដោយយល់ឃើញថា ស្ថានភាពនៃរូបព្រះបដិមាទាំងពីរអង្គនេះ មានការបាក់បែក និងត្រូវទទួលការសម្អាតអភិរក្សតាមបច្ចេកទេស ទើបក្រុមការងារថ្នាក់ខេត្តបានសម្រេចប្រគល់រូបចម្លាក់ទាំងពីរព្រះអង្គនេះ មករក្សាទុកនៅសារមន្ទីរជាតិកម្ពុជា។ រូបព្រះពុទ្ធបដិមាទាំងពីរ អង្គនេះ រួមមាន៖

១-ព្រះពុទ្ធសមាធិ៖ មានកម្ពស់ប្រហែល ៨០ស.ម និងព្រះភ្នែនប្រហែល ៦៧ស.ម

២-ព្រះពុទ្ធទីបង្ករ៖ មានកម្ពស់ប្រហែល ១៥០ម៉ែត្រ ជើងទម្រប្រហែល ៦៧ស.ម

បច្ចុប្បន្នវត្ថុបុរាណទាំងពីរអង្គនេះ ត្រូវបានរក្សានៅសារមន្ទីរជាតិ សម្រាប់បន្តការសិក្សា អភិរក្សជួសជុល និងដាក់តាំងបង្ហាញដល់សារធារណជននាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្មោះត្រង់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមសហការយ៉ាងផុសផុល ក្នុងការថែរក្សាការពារវត្ថុបុរាណដែលបានប្រទះឃើញ ហើយបានសហការក្នុងការប្រគល់វត្ថុទាំងនោះមករក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទថ្មី