ចេញហើយប្លង់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់ខេត្តកែប ពេលធ្វើរួចអាចស៊ីដាច់ឆ្នេរទាំងអស់នៅកម្ពុជា
- 2024-01-09 07:53:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយប្លង់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់ខេត្តកែប ពេលធ្វើរួចអាចស៊ីដាច់ឆ្នេរទាំងអស់នៅកម្ពុជា
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាស្តីពីផែនការអភិវឌ្ឍន៍ឆ្នេរ និងផ្លូវជិះកង់ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ បានពិគ្រោះយោបល់លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង២៧០០ម៉ែត្រនៅខេត្តកែប។ លើសពីនេះ អង្គប្រជុំក៏បានបង្ហាញចេញប្លង់នៃគម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់ផងដែរ ដែលមើលទិដ្ឋភាពពីលើអាកាសឃើញថា ឆ្នេរខ្សាច់ត្រូវបានរៀបលយចូលសមុទ្រ ចេញជាកំពូលស្រួច៤ ដ៏គួរឱ្យទាក់ទាញចិត្តបំផុត។
សូមរំលឹកថា កាលពីខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជូនគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ អនុវត្តគម្រោងកែលម្អឆ្នេរភក់ ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ឆ្នេរខ្សាច់នេះ នឹងត្រូវរៀបចំកែលម្អដែលមានទទឹងយ៉ាងតិច ៣០ម៉ែត្រ បណ្តោយ ២ ៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ខ្សាច់សល្អសម្រាប់ឆ្នេរខ្សាច់កម្សាន្តសាធារណៈ។ ជាមួយគ្នានេះ ក៏នឹងមានការរៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រដែលមានទទឹង ៥០ម៉ែត្រ និងបណ្តោយ ២ ៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និងការដាំដើមឈើ។
គម្រោងនេះ នឹងពង្រីកឆ្នេរខ្សាច់កាន់តែធំទូលាយបន្តពីសួនច្បារ សំដៅលើកកម្ពស់សោភណ្ឌភាព និងបរិស្ថាន ប្រែក្លាយពីតំបន់ដែលមិនមានការអភិវឌ្ឍ ទៅជាតំបន់ទេសចរណ៍ពិសិដ្ឋ មានវិសាលភាពធំទូលាយ ទាក់ទាញភ្ញៀវទេសចរ បង្កើតមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាសេដ្ឋកិច្ចជាតិ៕