គម្រោង​ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឈាន​ចូលដល់​បើកកិច្ចប្រជុំ​ដំបូង​របស់​អង្គភាព​គ្រប់គ្រង​គម្រោងនេះ​ផ្ទាល់តែម្តង

  • 2024-01-15 02:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ព្រឹកថ្ងៃសុក្រ ទី១២ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និង​ដឹកជញ្ជូន និងជា​នាយក​គម្រោង​នៃអង្គភាព​ជំរុញដំណើរការ​អនុវត្ត និងគ្រប់គ្រង​គម្រោង បាន​អញ្ជើញ​ជាអធិបតី​ក្នុងកិច្ចប្រជុំ​ដំបូង នៃអង្គភាព​ជំរុញដំណើរការ​អនុវត្ត និង​គ្រប់គ្រង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវល្បឿនលឿន​តភ្ជាប់ពី​រាជធានី​ភ្នំពេញ ខេត្តសៀមរាប-ក្រុង​ប៉ោយប៉ែត ក្រោមក្របខណ្ឌភាព​ជាដៃគូ​រវាងរដ្ឋ និង​ឯកជន ដោយមានការ​ចូលរួម​ពីថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក មន្ត្រីជំនាញបច្ចេកទេស និងសមាជិកគ្រប់គ្រងគម្រោងផងដែរ។

ជំនួបពិភាក្សានេះ​ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំពីភារកិច្ច និងការទទួល​ខុសត្រូវរបស់​សមាជិក​នីមួយៗ នៃអង្គភាព​ជំរុញ​ដំណើរការ​អនុវត្ត និងគ្រប់គ្រង​គម្រោង រួមមាន៖​

១).សម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាពគម្រោងឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ

២).ពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដោយពិនិត្យលើទិដ្ឋភាពច្បាប់ បច្ចេកទេស បរិស្ថាន-សង្គម វប្បធម៌ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច

៣).គ្រប់គ្រង និងចាត់ចែងការងាររដ្ឋបាល ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសម្ភារ ឧបករណ៍ ផ្សេងៗ ដែលគាំទ្រដល់ការអនុវត្តគម្រោង

៤).ដឹកនាំត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ជាដើម សំដៅធានាឱ្យសម្រេចបាននូវលទ្ធផលរបស់គម្រោងទៅតាមពេលវេលាដែលបានកំណត់ និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជា​គម្រោងផ្លូវល្បឿនលឿនទី៣​របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ ទៅតាមផែនការដែលបានគ្រោងទុក។ ផ្លូវល្បឿនលឿនខ្សែទី៣នេះ មានប្រវែងប្រមាណជាង៤០០គ.ម ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ។

គម្រោង​ផ្លូវល្បឿនលឿននេះ គឺបែងចែកជាពីរដំណាក់កាល រួមមាន ដំណាក់កាលទី១ ពីរាជធានី​ភ្នំពេញ ទៅ​ក្រុងសៀមរាប មានប្រវែង ២៥០គីឡូម៉ែត្រ និង​ដំណាក់កាលទី២ បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត ប្រវែង ១៥០គីឡូម៉ែត្រ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី