ក្រុមហ៊ុន​អគ្គិសនីបារាំង EDF ចង់​វិនិយោគ​វារីអគ្គិសនី​នៅ​កម្ពុជា ឯ TotalEnergies ​ចង់វិនិយោគ​​ថាមពល​កកើតឡើងវិញ​

  • 2024-01-16 02:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបារាំងធំៗចំនួន២ គឺ​ក្រុមហ៊ុន​អគ្គិសនីបារាំង EDF និង​ក្រុមហ៊ុន TotalEnergies បាន​បង្ហាញ​បំណង​ចង់​វិនិយោគ​លើ​វិស័យ​ថាមពលកកើតឡើងវិញ​នៅកម្ពុជា។ ការបង្ហាញពី​បំណងវិនិយោគ​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នីមួយៗ ជាមួយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអំឡុង​សម្តេច​អញ្ជើញ​ទៅធ្វើទស្សនកិច្ច​ផ្លូវការ​នៅក្រុងប៉ារីស ប្រទេស​បារាំង ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ​២០២៤។

លោកស្រី Makreeta LAHTI នាយិកា​យុទ្ធសាស្ត្រ​កិច្ចការបរទេស​នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) បាន​ជម្រាបជូន​សម្ដេចធិបតី​ថា ក្រុមហ៊ុនបាននឹង​កំពុង​វិនិយោគលើវិស័យ​វារីអគ្គិសនី​នៅប្រទេស​ឡាវ និង​កំពុងស្វែងរក​ឱកាស​វិនិយោគ​លើវិស័យថាមពល​នេះនៅ​កម្ពុជា។ ជាមួយគ្នានេះ លោកស្រី​បានវាយតម្លៃខ្ពស់ ចំពោះ​គោលនយោបាយ​អព្យាក្រឹត្យ​កាបូន នៅឆ្នាំ​២០៥០ និងការ​យកចិត្តទុកដាក់​ក្នុងការជំរុញ​ការផ្គត់ផ្គង់ និងការ​ផលិតនូវ​ថាមពល​កកើតឡើងវិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោកស្រី Makreeta LAHTI និងបានបង្ហាញក្តីរីករាយចំពោះចំណាប់រម្មណ៍របស់ក្រុមហ៊ុន​ក្នុងការ​ប្រតិបត្តិការ​នៅក្នុង​ប្រទេសកម្ពុជា ផ្នែក​ថាមពល​កកើតឡើងវិញ និងស្នើឱ្យ​ក្រុមហ៊ុន​បន្តកិច្ចសហប្រតិបត្តិការល្អ​ជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជា​អគ្គីសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ។

ចំណែក​លោក Patrick POUYANNE ប្រធាន និង​ជានាយកប្រតិបត្តិ​ក្រុមហ៊ុន TotalEnergies បានជម្រាបជូន​សម្តេចធិបតី ថា ក្រុមហ៊ុន TotalEnergies គឺជា​ក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញ លើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល​អគ្គីសនីផងដែរ។ ក្នុងន័យនេះ លោក​ក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយបច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Patrick POUYANNÉ និង សហការី និងបានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថាកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេចក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនី ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរីផងដែរ។ សម្ដេចធិបតីក៏បានលើកទឹ៝ចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី