យាន​អវកាស​ជប៉ុន ចុះចត​លើ​ភព​ព្រះចន្ទ​បានមែន តែ​សល់រឿង​មួយទៀត​ដែល​ត្រូវផ្ទៀងផ្ទាត់គ្នាសិន

  • 2024-01-22 02:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យាន​​ជប៉ុន បាន​ចុះចតលើភព​ព្រះចន្ទ​បានជោគជ័យ​កាលពីចុងសប្តាហ៍កន្លងទៅ បាន​ធ្វើឱ្យជប៉ុន ក្លាយ​ជា​ប្រទេស​ទី៥ ដែលបញ្ជូន​បេសកកម្ម​ទៅ​ចុះចត​លើផ្ទៃដីភពព្រះចន្ទ​បាន​សម្រេច បន្ទាប់ពី​អាមេរិក រុស្ស៊ី ចិន និងឥណ្ឌា។

ភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA) បាន​និយាយថា យាន​របស់​ពួកគេ​បានចុះចត​ដោយសន្សឹមៗ​នៅលើរយៈកម្ពស់ខ្ពស់ បានជោគជ័យ ប៉ុន្តែ​នៅសល់​រឿង​មួយទៀត គឺពួកគេ​ត្រូវរង់ចាំ​ព័ត៌មាន​បញ្ជូន​ពីយាននោះមកសិន ថាតើ​វាបាន​ចុះចត​នៅ​​ក្នុងរង្វង់ ១០០ម៉ែត្រ​នៃទីតាំងដែលបានកំណត់ ឬអត់។

អង្គការអវកាស​ជប៉ុននេះ ក៏បាន​បង្ហាញ​ក្តីបារម្ភ​ផងដែរថា បន្ទះសូឡា​ដែល​បំពាក់​លើ​យាន​ចុះចតនោះ ជួបបញ្ហាបច្ចេកទេស​មិនអាច​បង្កើតថាមពល​បានឡើយ ខណៈថាមពលអាគុយ​​របស់​វា ប្រើប្រាស់​មិនគ្រប់ឡើយ។ យ៉ាងណាមិញ ភ្នាក់ងារ JAXA អះអាងថា ខ្លួន​នឹង​ព្យាយាម​ឱ្យអស់ពីលទ្ធភាព​ក្នុងពេល​យាននោះ​កំពុងមាន​ថាមពលប្រើប្រាស់ ហើយ​បញ្ជាក់ទៀតថា ទោះជាយាននោះអស់ថាមពល​ក៏ពិតមែន ប៉ុន្តែ​បេសកកម្ម​មិនបានបញ្ចប់ឡើយ ព្រមទាំងរំពឹងថា បន្ទះសូឡា នឹងអាច​ធ្វើការឡើងវិញបាន។

សូម​ជម្រាប​ថា កាលពីខែកញ្ញា ឆ្នាំ​២០២៣ ជប៉ុន​បាន​បាញ់​បង្ហោះយាន​អវកាស​ទៅកាន់​ភពព្រះចន្ទ​តាមរយៈ​គ្រាប់រ៉ុកកែតដែល​ផលិត​ក្នុងស្រុក H-IIA ដោយបានដឹកយាន​ចុះចត​មួយឈ្មោះថា SLIM (Smart Lander for Investigating Moon) ឬហៅថា «Moon Sniper»។

ក្នុង​បេសកម្ម​ដែល​ចំណាយ ១០០លានដុល្លារ​នេះ ភ្នាក់ងារ​អវកាស​ជប៉ុន​មាន​គោលបំណង​ធំ​មួយគឺ​ធ្វើយ៉ាងណាឱ្យការចុះចត​ស្ថិត​ក្នុងភាពត្រឹមត្រូវ​កម្រិតខ្ពស់ ពោលគឺ​មិន​ឱ្យយាន​ចុះចត​នៅឆ្ងាយលើសពីចម្ងាយ​១០០ម៉ែត្រ​ ពីទីតាំងដែល​បាន​កំណត់នោះទេ។ មានន័យថា «ចង់ចុះចត​កន្លែងណា​ក៏បាន ឱ្យតែខ្លួនចង់»។

តាម​គម្រោង​ យាននេះ​ត្រូវដាក់ឱ្យចុះចត​នៅ​ជិត​តំបន់​មួយហៅថា Mare Nectaris។ បន្ទាប់ពីចុះចត​ យាន​នេះ​នឹងធ្វើការ​វិភាគ​សមាសភាគ​ថ្ម​ភពព្រះចន្ទ​នៅទីតាំងនោះ ដើម្បី​ស្វែងយល់​ពីប្រភព​នៃការកកើត​ឡើង​របស់​ភពព្រះចន្ទ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី