ប្រធានសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ ចូលជួបឯកឧត្ដម ថោង ខុន សម្ដែងការគួរសម
- 2024-01-30 10:20:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ ចូលជួបឯកឧត្ដម ថោង ខុន សម្ដែងការគួរសម
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអនុញ្ញាតឲ្យ លោក Ingmar DE VOS ប្រធានសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ “FEI” និងជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ផ្តោតសំខាន់ លើការពិភាក្សាក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជា តាមរយៈការពិនិត្យលទ្ធភាពក្នុងការជំរុញបញ្ចូលប្រភេទកីឡានេះទៅក្នុងការប្រកួតកីឡាកម្រិតតំបន់នាពេលអនាគត ជាពិសេសពិនិត្យលទ្ធភាព ក្នុងការបញ្ចូលប្រភេទកីឡាជិះសេះក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា។ ទន្ទឹមនិងនេះដែរគឺទាមទារឱ្យមានការវាយតម្លៃយ៉ាងម៉ត់ចត់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី “OCA” ស្របតាមស្តង់ដារ កំណត់បច្ចេកទេសដូចការរៀបចំការប្រកួតកីឡាអូឡាំពិកដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន ស្នើសុំការគាំទ្រពីសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ លើការរៀបចំអភិវឌ្ឍធនធានអត្តពលិក, ធនធានបច្ចេកទេស-ជំនាញថែទាំសេះ និងការសាងសង់ទីលានប្រកបតាមស្តង់ដារអន្តរជាតិ ដើម្បីស្នើសុំរាជ- រដ្ឋាភិបាលក្នុងការពិនិត្យលទ្ធភាពបញ្ចូលប្រភេទកីឡាជិះសេះក្នុងការប្រកួតកីឡាយុវជនកម្រិតអាស៊ីនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រគម្រោង “កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្មេងស្រីក្រីក្រ” របស់សហព័ន្ធលើការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញអ្នកថែទាំសេះនៅកម្ពុជា ដែលគម្រោងនេះពិតជា មានសារៈសំខាន់សម្រាប់សហព័ន្ធក្នុងការបណ្តុះបណ្តាលអ្នកថែទាំសេះប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងទិសដៅបន្តជំរុញអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជា ឱ្យកាន់តែមានប្រជាប្រិយភាព និងក្លាយជាប្រភេទកីឡាដ៏មាន សក្កានុពល ផងដែរ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB