ជាស ស្រួច៖ បើខ្ញុំប្រកួតអត់កើតទេខ្ញុំឈប់

  • 2024-02-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករជើងចាស់វ័យ៥៣ឆ្នាំ ជាស ស្រួច កាលពីថ្ងៃសៅរ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានអ្នកគ្រប់គ្រងប្រដាល់ស្ថានីយទូរទស្សន៍ CTN ផ្ដល់ឱកាសបង្ហាញសមត្ថភាពជាមួយកីឡាករវ័យ២៣ឆ្នាំសញ្ជាតិអ៊ីរ៉ង់ Yousef Hematis ក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម។

មុនជំនួបនេះ ជាស ស្រួច បានប្ដេជ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាព និងធ្វើឲ្យកក្រើកសង្វៀន CTN ប៉ុន្តែជាលទ្ធផលតួឯកក្នុងវីដេអូខារ៉ាអូខេរបស់លោកឧកញ៉ា ខេមរៈ សិរីមន្តបទ «បេះដូងអ្នកប្រដាល់» ធ្វើមិនបានល្អឡើយដោយត្រូវកីឡាករ Yousef ផ្ដួលឱ្យបោះបង់ការប្រកួតនៅដើមទឹកទី១ភ្លាមៗតែម្ដង។

មុនការប្រកួតនាថ្ងៃនោះមកដល់ ជាស ស្រួច បានផ្ដល់បទសម្ភាសន៍ជាមួយ Sabay ដោយបានលើកឡើងថា បើប្រកួតល្អលោកនឹងបន្តការប្រកួតទៀត ប៉ុន្តែបើមិនល្អនោះទេលោកនឹងឈប់តែម្ដង។

ជាស ស្រួច កូនសិស្សលោកគ្រូ អេ ភូថង បានពន្យល់បែបនេះ៖ «បើខ្ញុំប្រកួតទៅល្អឈ្នះទៅខ្ញុំនឹងប្រកួតបន្ត បើខ្ញុំប្រកួតអត់កើតទេខ្ញុំឈប់»។

បើតាមការបញ្ជាក់របស់អតីតជើងខ្លាំងគុនខ្មែររូបនេះ ការឡើងសង្វៀនសាកល្បងជាថ្មីមិនមែនចង់ល្បីល្បាញអ្វីនោះទេ ព្រោះបច្ចុប្បន្នលោកក៏ជាគ្រូបង្ហាត់គុនខ្មែរមួយរូបដែរ។ អ្វីដែលលោកចង់បានគឺគ្រាន់តែចង់ចង់ដឹងថាអាចស៊ូបានប៉ុន្មានអាចប្រកួតបានកម្រិតណា។ ណាមួយលោកចង់ឲ្យក្មេងៗជំនាន់ក្រោយបានឃើញពីកីឡាករគុនខ្មែរចាស់ៗ ហើយលោកសំណូមពរកុំឲ្យមហាជនជេរស្ដីបន្ទោស ប្រើបញ្ចេញមតិពាក្យអាក្រក់ៗព្រោះកីឡាចាញ់ឈ្នះជារឿងធម្មតា។ កីឡាករជើងចាស់រូបនេះក៏បានសូមអរគុណដល់ស្ថាននីយទូរទស្សន៍ CTN ដែលបានផ្ដល់ឱកាសដល់ខ្លួន។

ទោះបីជាយ៉ាងណាជាមួយលទ្ធផលមិនល្អនេះលោក អេភូថង ដែលជាគ្រូបង្វឹកបានប្រកាសឈប់ឲ្យ ជាស ស្រួច ឡើងសង្វៀនទៀតហើយដោយលើកហេតុផលថា ជាស ស្រួច មានវ័យច្រើនមិនដូចកម្លាំងក្មេងឡើយ ហើយលោកបានទម្លាយដែរថាលោកចង់ស្រឺតម្ដងៗពេលឃើញការប្រកួតមួយនេះ។

គួរបញ្ជាក់ថា លោកគ្រូ ជាស ស្រួច បានឡើងសង្វៀនជាលើកដំបូងកាលពីពេលថ្មីៗនេះជាមួយកីឡាករអ៊ីរ៉ងវ័យ២៣ឆ្នាំ Yousef នៅសង្វៀន CTN ក្រោយព្យួរហ្គង់ចោលអស់រយៈពេល២០ឆ្នាំ៕

អត្ថបទ៖ Um Sopheak

អត្ថបទពេញនិយម