ក្រឡធំ និងក្អម សម័យអង្គរ ព្រមទាំង​ដាវត្រួត​សម័យបារាំង ត្រូវបាន​ប្រគល់​ជូនក្រសួងវប្បធម៌ យកមករក្សាទុក​នៅសារមន្ទីរជាតិ

  • 2024-02-26 03:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញ និង អាជ្ញាធរដែនដី កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ បានអញ្ជើញទៅថ្វាយបង្គំ ព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ដែលស្ថិតនៅក្នុងភូមិព្រះហស្ថក្បាល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះព្រះអង្គ បានបង្ហាញវត្ថុបុរាណចំនួនបី រួមមាន៖

១. ក្រឡធំលាបស្រទាប់រលោងពណ៌ត្នោត ជាប្រភេទកម្រ ព្រោះក្រឡនេះមានទំហំធំនិងមានរូបរាងល្អពេញលេញ ដែលមិនធ្លាប់ប្រទះឃើញនាពេលកន្លងមក។ តាមរយៈការវិភាគលើរូបរាង សាច់ដី ក្បាច់លម្អ និងស្រទាប់រលោងក្រុមការងារជំនាញបានសន្និដ្ឋានថា ក្រឡធំនេះផលិតឡើងនៅសម័យអង្គរនារវាងស.វ.ទី១២-១៣។ ដោយឡែកតួនាទីនៃការប្រើប្រាស់ក្រឡធំនេះ ក្រុមការងារកំពុងវិភាគបន្ថែម។

២. ក្អមទឹកសម័យអង្គរនារវាងស.វ.ទី៩-១០។ ក្អមប្រភេទនេះ ជាប្រភេទភាជន៍រឹងគ្មានស្រទាប់រលោង ហើយច្រើនប្រទះឃើញនៅក្រុមឡបង្កោងនិងតានី ក្នុងតំបន់អង្គរ។

៣. ដាវត្រួតពលសម័យបារាំងនារវាងឆ្នាំ១៨៦៣-១៩៤០ បានប្រទះឃើញនៅក្នុងបរិវេណវត្តកាលពី១០ឆ្នាំមុន។

ក្រោយពិនិត្យឃើញវត្ថុបុរាណទាំងបីខាងលើ លោកជំទាវបណ្ឌិតសភាចារ្យ បានទូលស្នើសុំវត្ថុបុរាណទាំងនោះ យកមករក្សាទុកនៅសារមន្ទីរជាតិដើម្បីអភិរក្ស ដាក់តាំងបង្ហាញ និង ផ្សព្វផ្សាយជូនដល់សាធារណជនជាតិនិងអន្តរជាតិឈ្វេងយល់ពីភាពសំបូរបែបនៃមរតកវប្បធម៌ខ្មែរដែលបន្សល់ទុក ក្រៅពីរូបចម្លាក់និងប្រាង្គប្រាសាទ។ ម្យ៉ាងទៀត វត្ថុបុរាណទាំងនេះ ជាផ្នែកមួយនៃការបង្ហាញពីបរិបទនៃប្រវត្តិសាស្ត្រនិងការវិវត្តអារ្យធម៌ខ្មែរសម័យអង្គររហូតដល់សម័យអាណានិគមបារាំង។ ដោយការឈ្វេងយល់ពីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ ព្រះគ្រូចៅអធិការ បានយល់ព្រមប្រគល់វត្ថុបុរាណទាំងនោះតាមការស្នើសុំ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្វាយនូវសេចក្តីអរព្រះគុណប្រគេនចំពោះព្រះគ្រូចៅអធិការនិងអាជ្ញាធរដែនដី ដែលយល់ព្រមប្រគល់វត្ថុបុរាណមករក្សាទុកនៅសារមន្ទីរជាតិ។ បច្ចុប្បន្ន វត្ថុបុរាណទាំងបីមុខកំពុងរក្សាទុកនៅក្នុងរោងជាងជួសជុលនៃសារមន្ទីរជាតិកម្ពុជា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទថ្មី