ផ្លូវទៅឆ្នេរនេសាទ ខេត្តកោះកុង សម្រេចការសាងសង់បាន​ពាក់កណ្តាលហើយ អាចដាក់គម្រោង​ដើរលេង​សម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះបាន

  • 2024-03-13 02:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវចូលទៅកាន់ឆ្នេរនេសាទ​ប្រវែង ២០គីឡូម៉ែត្រ​ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង កំពុង​សាងសង់​សម្រេចបាន​ជាង ៤៥% គិតត្រឹមខែកុម្ភៈ ដោយគ្រោងនឹងបញ្ចប់​ ១០០% នៅចុងខែមិថុនា ឆ្នាំ​២០២៤ខាងមុខនេះ។

យោងតាម​ក្រសួងអភិវឌ្ឍន៍ជនបទ បាន​ឱ្យដឹងថា ផ្លូវមួយខ្សែនេះ​ត្រូវបានស្ថាបនាក្រាលកៅស៊ូ ២ជាន់ប្រភេទ DBST ប្រវែងប្រមាណ ២០គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ មានចិញ្ចើមផ្លូវសងខាងប្រវែង ១ម៉ែត្រ មានសំណង់ស្ពានចំនួន ៣កន្លែង លូប្រអប់ចំនួន ៥កន្លែង លូមូលចំនួន ២០កន្លែង។

ផ្លូវនេះតភ្ជាប់ពីផ្លូវបំបែក​សាលាស្រុកស្រែអំបិល ក្នុង​ភូមិបឹងព្រាវ ឃុំបឹងព្រាវ ទៅដល់ឆ្នេរនេសាទ ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្ថិតក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមជម្រាបជូនផងដែរថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលអនុវត្តក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្តប៉ៃលិន កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកោះកុង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី