ទំនប់ដូនទ្រីដែលមានបច្ចេកទេសជីករូងភ្នំ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ
- 2024-03-15 02:13:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនប់ដូនទ្រីដែលមានបច្ចេកទេសជីករូងភ្នំ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានបច្ចេកទេសជីករូងភ្នំ ហៅថា រូងទូនេលពង្វៀងទឹក (Diversion Tunnel) សម្រេចការសាងសង់បាន ៨១,៦% ហើយគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែតុលា ឆ្នាំ២០២៥។ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ ប្រើរយៈពេលសាងសង់ចំនួន ៨៩ខែ ដែលការងារសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងដំណើរចុះពិនិត្យការងារថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកស្រី Minnie Chey នាយកធនាគារកូរ៉េ K- Eximbank ប្រចាំនៅកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៃការអនុវត្តការថែទាំ និងដំណើរការរបស់ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍន៍ទំនប់មង្គលបូរី និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍ថា គណៈប្រតិភូបេសកកម្មធនាគារកូរ៉េ បានចុះពិនិត្យការងារចំនួនពីរ៖ ទី១)ចុះពិនិត្យស្ថានភាពនៃការអនុវត្តការថែទាំ និងដំណើរការរបស់ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍន៍ទំនប់មង្គលបូរីដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៥ ព្រមទាំងជួបពិភាក្សាជាមួយតំណាងសហគមន៍កសិករប្រើប្រាស់ទឹកអំពីកិច្ចដំណើរការប្រចាំថ្ងៃ និងទី២)ពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលមានទីតាំងស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ឯកឧត្តមបញ្ជាក់ថា ទំនប់ដូនទ្រីមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មបានប្រមាណ ៣៣ ០០០ហិកតានៅរដូវវស្សា និងប្រមាណ ៤ ៥០០ ហិកតា នៅរដូវប្រាំង ហើយក៏រួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់។
សូមជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីមាន៖
ទី១) ទំនប់មេជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ Earth Core Rockfill Dam (ECRD) ខ្នងលើទទឹង ៨ម៉ែត្រ កម្ពស់៦០ម៉ែត្រពីបាតទំនប់ និងមានប្រវែង ៦៥៤ម៉ែត្រ។
ទី២) សំណង់បង្ហៀរធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ ដែលអាចដោះទឹកបាន ៨៥០ ម៉ែត្រគូប/វិនាទី។
ទី៣) រូងទូនេលពង្វៀងទឹក (Diversion Tunnel) មានរាងជាក្រចកជើងសេះ អង្កត់ផ្ចិត ៤ម៉ែត្រ ប្រវែង ៤៦២ម៉ែត្រ។
ទី៤)សំណង់គ្រប់គ្រងទឹក ជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ មានទ្វារទឹកចំនួន ៥ ក្នុងនោះ ទំហំ ២,២ម x ២,២ម ចំនួន ៤ទ្វារ និងទំហំ ៤ម x ៤ម ចំនួន ១ទ្វារ និង ស្ពានសម្រាប់ឆ្លងទៅប៉មគ្រប់គ្រងទ្វារទឹក ប្រវែង ៥៥ម៉ែត្រ ទទឹង ៣ម៉ែត្រ។
ឯកឧត្តម ជួន ប៊ិតថុល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ វឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ ៨១,៦% ក្នុងនោះរួមមាន៖
ទី១)ការងារចាក់បំពេញទំនប់មេសម្រេចបាន ៥៨%
ទី២)សំណង់បង្ហៀរសម្រេចបាន ៩៥% ដែលតួសំណង់បេតុងបានបញ្ចប់ នៅសល់ការងារប្រព័ន្ធដោះទឹកជុំវិញសំណង់
ទី៣)រូងទូនេលពង្វៀងទឹកត្រូវបានបញ្ចប់ និងទី៤)ការងារសំណង់បេតុងនៃសំណង់គ្រប់គ្រងទឹកបានបញ្ចប់នៅសល់ការងារឧបករណ៍ធារាសាស្ត្រ ២០%៕