មន្រ្តីជំនាញខ្មែរ ៥រូប ទទួលការបណ្តុះបណ្តាល​ប្រើឧបករណ៍ X-ray មួយ​ ក្នុងការសិក្សាសមាសធាតុ ថ្ម បាយអ ឥដ្ឋ កុលាភាជន៍ ពី​ទីភ្នាក់ងារ​ថាមពលបរមាណូអន្តរជាតិ

  • 2024-03-15 02:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋានបេតិភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការដឹកនាំនិងសម្របសម្រួលរបស់នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានរៀ​បចំ​វគ្គបណ្តុះបណ្តាល​អំពីការ​ប្រើប្រាស់​ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence (XRF) ដែលទទួល​បានពី​ស្ថាប័ន​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) ជូនដល់​មន្រ្តីជំនាញ​ចំនួន៥រូប មកពី​នាយកដ្ឋាន​ក្រោម​ចំណុះ អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ដែលមាន​លោកស្រី Lena BASSEL អ្នកជំនាញ​មកពី (IAEA) ជាគ្រូឧទ្ទេស។

ការបណ្តុះបណ្តាលនេះ​មានរយៈពេល​៥ថ្ងៃ ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការ​សម្របសម្រួល​ពីអាជ្ញាធរជាតិ​សំបូរព្រៃគុក សិក្ខាកាមបានចុះអនុវត្តផ្ទាល់នៅលើទីតាំងប្រាសាទចំនួនពីរ គឺ ប្រាសាទតោ និង ប្រាសាទយាយព័ន្ធ ក្នុងតំបន់រមណីដ្ឋានប្រាសាទសំបូរព្រៃគុក បន្ទាប់មកយកទិន្នន័យមកធ្វើការវិភាគនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence (XRF) ជាឧបករណ៍មួយក្នុងការសិក្សាសមាសធាតុ (Composition) នៃវត្ថុអសរីរាង្គ (inorganic materials) រួមមានដូចជា ថ្ម បាយអ ឥដ្ឋ កុលាលភាជន៍ ប្រភេទពណ៌ដីលែង និងពពួកលោហៈផ្សេងជាដើម។

សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៣ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។ គម្រោងនេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលមន្ត្រីឱ្យមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបរមាណូសម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌ តាមរយៈការបញ្ជូនទៅទទួលបណ្តុះបណ្តាលនិងទស្សនកិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេស ជាពិសេសទទួលបានឧបករណ៍មួយចំនួនសម្រាប់ប្រើក្នុងការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទថ្មី