Sabay និង Major Cineplex រួមគ្នា​បង្កើត​កម្មវិធី​សប្បុរសធម៌​ផ្តល់ឈាម នៅថ្ងៃទី២៦មីនាខាងមុខនេះ ក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត»

  • 2024-03-15 08:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sabay digital សហការគ្នាជាមួយ Major Cineplex by smart ​បង្កើតនូវកម្មវិធីសប្បុរសធម៌ផ្តល់ឈាមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងត្រូវការឈាមដើម្បីសង្រ្គោះជីវិត ក្រោមប្រធានបទ  «បរិច្ចាគឈាមសង្គ្រោះជីវិត»។ កម្មវិធី​បរិច្ចាគឈាម​នេះ នឹងប្រព្រឹត្តធ្វើឡើង​នាថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤ខាងមុខនេះ នៅ​រោងភាពយន្ត Major Cineplex សាខាអ៊ីអន១ ដោយ​នឹងមានការចូលរួម​ពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនទាំង២ ដែល​តែងតែធ្វើឡើង​ជារៀងរាល់ឆ្នាំ។

ការរៀបចំនូវកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមនេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុងការកិច្ចការងារជួយសង្គម ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញ ធនាគាឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននឹងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។

ដើម្បីចូលរួមបរិច្ចាគឈាម បងប្អូនអាចចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ --> Blood Donation Event

ឬស្កេន QR Code ក្នុងរូបខាងក្រោមនេះ

សូមជម្រាប​ថា ការបរិច្ចាគឈាម​ មានគោលដៅធំៗសំខាន់ចំនួន២គឺ៖

១. បង្កើតទម្លាប់នឹងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជំរុញ​លើកកម្ពស់​ឲ្យយុវជន ប្រជាជន​ទូទៅ ចូលរួម​ធ្វើសកម្មភាព​ជាមួយ​សេវាកម្មជាតិ​ផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់​ឈាមគ្រប់គ្រាន់​សម្រាប់អ្នកជំងឺ​ដែលកំពុងត្រូវការឈាម​នៅគ្រប់មន្ទីរពេទ្យ​ទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ឬ សាសនា ប្រកបដោយស្នាមញញឺម។

២. ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អ ប្រពៃក្នុងសង្គម ។ លើសពីនោះបងប្អូនដឹងទេថា ជារៀងរាល់ថ្ងៃមានអ្នកជំងឺជាច្រើនបានស្រែកដង្ហើយហៅការបរិច្ចាគដោយស្ម័គ្រចិត្ត ពីប្អូនប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះអាយុជីវិតដ៏មានតម្លៃសម្រាប់ពួកគេ។

បើតាម​លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយក​មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម​ បាន​ថ្លែងកាលពីពេលថ្មីៗនេះថា ជារៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ហើយតម្រូវការប្រចាំថ្ងៃ មានចន្លោះពី៣០០ទៅទៅ៤០០ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមាន ចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិតពន្យល់ថា ការបរិច្ចាគឈាមបានត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពទេ មានទំាង ផ្តល់ អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព ដូចជា ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បន្ថែមលើនោះ អ្នកនឹងដឹងពីស្ថានភាពឆ្លង ឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកថ្លើម ស្វាយ អេដស៍ ។ល។ ក្នុងនោះការធ្វើតេស្តឈាមត្រូវបានរក្សាការសម្ងាត់ និងមិន គិតថ្លៃឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី