អត់មាន «អង្គរសង្ក្រាន្ត» តែមានត្រឹម «សៀមរាបសង្ក្រាន្ត» ក៏អាចធ្វើឱ្យមនុស្សសម្រុកទៅលេងច្រើនដែរ

  • 2024-04-02 01:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​សៀមរាប សហការ​ជាមួយ​សហព័ន្ធ​យុវជន​កម្ពុជាខេត្តសៀមរាប នឹង​រៀបចំ​ព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ​២០២៤ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ដើម្បីអបអរ​សាទរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរខាងមុខនេះ។

កាលពី​ថ្ងៃទី១ ខែមេសា នៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប​ បានរៀបចំពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ​ ដេីម្បីក្រុមការងាររៀបចំព្រឹត្តិការណសៀមរាបសង្ក្រាន្តក្រោមអធិបតីភាពឯកឧត្តម​ អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ព្រមទាំងមានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ សមាជិក​ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ មន្ទីរ​ អង្គភាព​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប​ចូលរួមផងដែរ។

ព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» នឹងធ្វើឡើង​នៅទីតាំងសួនច្បារព្រះរាជដំណាក់ សួនច្បារព្រះអង្គចេកព្រះអង្គចម មុខសណ្ឋាគារវិចតូរីយ៉ា ព្រមទាំងទីតាំងតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តដំណាក់ ដោយមានកម្មវិធីកំសាន្ដសប្បាយជាច្រើនដូចជា៖ កម្មវិធីជិះទូកកំសាន្ដ , កម្មវិធីតំបន់់ត្រជាក់ស្រស់ស្រាយ , កម្មវិធីល្បែងប្រជាប្រិយខ្មែរ , កម្មវិធីសាសនា , កម្មវិធីពិព័រណ៍-ម្ហូបអាហារ , កម្មវិធីប្រគុំតន្ដ្រី , ការសម្ដែងសិល្បៈបុរាណ និងកម្មវិធីជាច្រើនផ្សេងៗទៀត។

ការរៀបចំព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងជំរុញឲ្យយុវជន ភ្ញៀវជាតិ និងអន្ដរជាតិ ក៏ដូចជាសាធារណៈជនបានស្វែងយល់ពីមរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ព្រមទាំងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ក៏ដូចជាការចូលរួមចំណែកអបអរសាទរឆ្នាំទស្សនាសៀមរាប២០២៤ ផងដែរ ។ មួយវិញទៀតក៏ជាការបំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងបណ្ដុះស្មារតីអភិរក្ស និងអភិវឌ្ឍអរិយធម៌ វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទ នៃសមាហរកម្មសហគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មី៕

អត្ថបទថ្មី