ទៅស្រុកថ្ងៃចូលឆ្នាំ ហើយ​ចង់ជិះឡានក្រុង Free! អ៊ីចឹងតើត្រូវទៅឡើងជិះនៅឯណា?

  • 2024-04-03 02:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្ត​ក្រុងចំនួន ៤៥៥គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ រយៈពេល ៦ថ្ងៃ ចាប់​ពីថ្ងៃទី១២ ដល់ ១៧ ខែមេសា ឆ្នាំ​២០២៤ ដោយមិនបង់ប្រាក់​ ដើម្បី​ជួយសម្រួល​ដល់ការចំណាយ​ជូនបងប្អូន​ប្រជាពលរដ្ឋ​ក្នុងការធ្វើដំណើរ​ទៅលេងស្រុកកំណើត ជួបជុំបងប្អូន​ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងនោះ៖

១. សម្រាប់​សេវាដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៦០គ្រឿង។

២. សម្រាប់សេវាដឹកជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅតាមបណ្តាខេត្ត និងពី​បណ្តាខេត្តត្រលប់មករាជធានី​ភ្នំពេញវិញ៖ ប្រើប្រាស់​រថយន្តក្រុងចំនួន ៣៩៥គ្រឿង ដែលមាន​គោលដៅ និងទីតាំងដូចខាងក្រោម៖

-ផ្លូវជាតិលេខ១ គោលដៅ ទៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង។ ទីតាំងចេញដំណើរ នៅ​ស្ថានីយរថយន្តក្រុងវាលស្បូវ ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។

-ផ្លូវជាតិលេខ២ គោលដៅ ទៅខេត្តកណ្តាល តាកែវ។ ទីតាំងចេញដំណើរ នៅ​ទល់មុខ​ព្រះវិហារយេស៊ូគ្រីស្ទ (បណ្តោយមហាវិថីវេងស្រេង មុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ) ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។

-ផ្លូវជាតិលេខ៣ គោលដៅ ទៅខេត្តកំពង់ស្ពឺ កែប កំពត និងផ្លូវជាតិលេខ៤ គោលដៅទៅខេត្តកំពង់ស្ពឺ ព្រះសីហនុ។ ទីតាំងចេញដំណើរ នៅ​ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពជើងអាកាស) ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។

-ផ្លូវជាតិលេខ៥ គោលដៅទៅខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។ ទីតាំងចេញដំណើរ នៅស្ថានីយ​រថយន្តក្រុងសួនច្បារឬស្សីកែវ ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។

-ផ្លូវជាតិលេខ៦ គោលដៅទៅខេត្ត កំពង់ធំ សៀមរាប។ ទីតាំងចេញដំណើរ នៅ​ដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។

-ផ្លូវជាតិលេខ៦,៧ គោលដៅទៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងផ្លូវជាតិលេខ៨, ១៣គោលដៅ ទៅខេត្តក្រចេះ ស្ទឹងត្រែង។ទីតាំងចេញដំណើរ នៅ​ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក៕

អត្ថបទ៖ សំភី