១៣មេសានេះ ជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឬជាថ្ងៃមហាសង្ក្រាន្ត
- 2024-04-13 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៣មេសានេះ ជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឬជាថ្ងៃមហាសង្ក្រាន្ត
ចន្លោះមិនឃើញ
នៅថ្ងៃសៅរ៍ទី១៣ ខែមេសា ឆ្នាំ២០២៤នេះ គឺជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬហៅថា ជាថ្ងៃមហាសង្ក្រាន្ត ដែលប្រជាជនខ្មែរ បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និងមានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ។
សង្ក្រាន្តចូលចំថ្ងៃសៅរ៍នេះ គឺត្រូវវេនបុត្រីទី៧ ព្រះនាម មហោទរាទេវី វេលាម៉ោង ២២:១៧នាទី ជាថ្ងៃចូលឆ្នាំរោងឆស័ក ទ្រង់អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត សោយសាច់ទ្រាយជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ គង់លើពាហនៈ សត្វក្ងោក។
រណ្តាប់ទទួលទេវតា ត្រូវក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍បាយសី៩ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹកស្អាត២កែវ។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។
ថ្ងៃមហាសង្រ្កាន្ត ជាពាក្យកម្ចីពីឥណ្ឌា (សំស្ក្រឹត) ដែលប្រែថា ដំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតា ទាំង៧ ដែលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ៕