ដោយសារភ្លៀងសិប្បនិម្មិត Cloud Seeding ឬ ទើបធ្វើឱ្យឌូបៃ ជួបប្រទះគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរបំផុត?

  • 2024-04-18 09:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម បាន​នឹង​កំពុងជួបប្រទះគ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​ ដែល​គេកំពុងសង្ស័យថា វាបណ្តាល​មកពី​ភ្លៀងសិប្បនិម្មិត​ ឬ Cloud Seeding ដែលជាការបណ្តុះពពក​ដើម្បី​ឱ្យមានភ្លៀងធ្លាក់។

ភ្លៀង​ធ្លាក់ផ្គររន្ទះដ៏ខ្លាំង​នេះ បានកើតឡើង​កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងកម្រិតច្រើនជាង ១៤សង់ទីម៉ែត្រ​ ដែល​ជាការធ្លាក់ភ្លៀង​ច្រើនបំផុត​ចាប់តាំងពីឆ្នាំ​១៩៤៩មក។

យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់​មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ថា​តើវាជាគ្រោះធម្មជាតិ ឬជាភ្លៀងសិប្បនិម្មិត​របស់​ពពក​ដែលបានបណ្តុះឡើងនោះមក ហួសពីការគ្រប់គ្រង។ ប៉ុន្តែគេអាចកត់សម្គាល់បានថា ការធ្លាក់​ភ្លៀង​ គឺ​ស្របពេល​ដែល​អារ៉ាប់​រួម កំពុង​ប្រើប្រាស់​វិទ្យាសាស្រ្ត​បង្កើតភ្លៀងសិប្បនិម្មិតនេះ ដើម្បីកាត់​បន្ថយ​អាកាសធាតុដ៏ក្តៅ នៅក្នុងទីក្រុងឌូបៃ។

ការបណ្តុះពពក​ ដើម្បីបង្កើត​ភ្លៀងសិប្បនិម្មិត ក៏ដោយសារតែ​អារ៉ាប់រួម ជាប្រទេសស្ងួតហួតហែង និងក្តៅបំផុត​មួយ នៅលើផែនដី។

ក្រោយ​ភ្លៀងធ្លាក់​ដ៏ខ្លាំងនេះ បណ្តាញព័ត៌មានជាច្រើន​បានផ្សព្វផ្សាយ​ដោយ​បានដកស្រង់​សម្តីរបស់​មន្រ្តីឧតុនិយមអារ៉ាប់រួម ថា ពួកគេ​បាន​បង្ហោះ​ពពកដែលបានបណ្តុះនោះ មុនពេលភ្លៀង។ ជាមួយ​គ្នានោះ ក៏មានទិន្នន័យ​តាមដានជើងហោះហើរ បង្ហាញដែរថា យន្តហោះមួយ​ដែលពាក់ព័ន្ធនឹង​ការបណ្តុះពពក បាន​ហោះឆ្វែលជុំវិញប្រទេស កាលពីថ្ងៃទី១៤ មេសា។

យ៉ាងណាក៏ដោយ ភ្នាក់ងារឧតុនិយម​បាន​អះអាងថា មិនមាន​ប្រតិបត្តិការបង្ហោះពពក​ដែលបាន​បណ្តុះ នៅមុនពេល​មានព្យុះភ្លៀងនោះទេ។ ម្យ៉ាងវិញទៀត ក៏មានអ្នកជំនាញ​បាន​ពន្យល់ដែរថា វាគ្រាន់តែជាគ្រោះធម្មជាតិ ដោយសារការបម្រែបម្រួលអាកាសធាតុតែប៉ុណ្ណោះ មិនពាក់ព័ន្ធ​នឹងភ្លៀងសិប្បនិម្មិតនោះទេ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម