ចំណុចសំខាន់ដ៏ភ្ញាក់ផ្អើលទាំង ៦ ពីរឿង ផ្នូរបិសាច (EXHUMA)

  • 2024-04-22 08:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្តខ្នាតធំកូរ៉េ EXHUMAផ្នូរបិសាច ដែលមានតារាសម្ដែង Choi Min Sik, Kim Go Eun, Yoo Hai Jin និង Lee Do Hyun ជាតួសំខាន់ បានក្លាយជាភាពយន្តដែលទទួល​បាន​ការចាប់អារម្មណ៍ខ្លាំងមិនធម្មតាពីមហាជន ចាប់តាំងពីការចេញផ្សាយនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤នៅកូរ៉េខាងត្បូង រហូតមកដល់ចាក់បញ្ចាំងនៅកម្ពុជា។

ស្នាដៃរឿងដែលដឹកនាំដោយ Jang Jae Hyun នេះបានក្លាយជារឿងកូរ៉េដែលទទួលបានការទន្ទឹងរង់ចាំយ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យភាពយន្ត។

លោក Jang Jae Hyun

វាជាខ្សែភាពយន្តភ័យរន្ធត់ដ៏ចម្លែកដែល បានក្លាយជាប្រធានបទដ៏ក្តៅគគុកភ្លាមៗ នៅលើបណ្តាញសង្គម ជាពិសេសបន្ទាប់ពីមានអ្នកទស្សនាកាន់តែច្រើនឡើងៗ។ មិនត្រឹម ដោយសារតែសាច់រឿងដ៏ពិសេសប៉ុណ្ណោះទេ ថែមទាំងមានចំណុចសំខាន់ជាច្រើនមិនគួររំលង ដែលធ្វើឲ្យភាពយន្តនេះកាន់តែជក់ចិត្ត។

ខាងក្រោមគឺជាការពិតមួយចំនួនដែលអ្នកគួរស្វែងយល់ពី Exhuma

១. អត្ថន័យនៃស្លាកលេខឡាន

យោងតាមគណនី Twitter @buzzfoourm បានឲ្យដឹងថា ស្លាកលេខរថយន្ត Hwa Rim គឺ 19 Mu 0301 នេះ សំដៅលើថ្ងៃទី ០១ ខែមីនា ឆ្នាំ ១៩១៩

  • Mu សំដៅលើ Mudang ដែលមានន័យថា គ្រូអាគម។
  • 0301 សំដៅទៅលើថ្ងៃទី ០១ ខែមីនា ដែលថ្ងៃនេះ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដោយប្រជាជនកូរ៉េខាងត្បូង ដើម្បីគោរពដល់តួរលេខដែលពាក់ព័ន្ធនឹងចលនាឯករាជ្យកូរ៉េ និងអបអរសាទរឯករាជ្យភាពរបស់ប្រទេសកូរ៉េ។

២. ការបំផុសគំនិតនៃការដាក់ឈ្មោះតួនីមួយៗ

  • ឈ្មោះ Kim Sang Deok (ដែលសម្តែងដោយ Choi Min Sik) ត្រូវបានបំផុសគំនិតដោយសកម្មជនឯករាជ្យកូរ៉េ។ លោក​ជា​អតីត​អ្នក​នយោបាយ និង​ជា​មនុស្ស​មាន​គុណូបការៈខ្ពស់។ បន្ទាប់ពីការរំដោះប្រទេសកូរ៉េពីអាណានិគមជប៉ុន លោកបានក្លាយជាអ្នកដឹកនាំដំបូងគេនៃក្រុមស៊ើបអង្កេតពិសេសសម្រាប់សកម្មភាពប្រឆាំងជាតិ ដែលដឹកនាំការរំលាយក្រុមគាំទ្រជប៉ុន។
  • ឈ្មោះ Lee Hwa Rim (សម្តែងដោយ Kim Go Eun) ត្រូវបានបំផុសគំនិតដោយសកម្មជនឯករាជ្យកូរ៉េម្នាក់ ដែលសកម្មនៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋកូរ៉េ និងកងទ័ពស្ម័គ្រចិត្តរបស់ Joseon។ នៅអាយុ ១៤ ឆ្នាំនាងបានចូលរួមក្នុងចលនាថ្ងៃទី ១ ខែមីនា (ឆ្នាំ ១៩១៩) ។
  • ឈ្មោះ Go Yeong Geun (សម្តែងដោយ Yoo Hae Jin) ត្រូវបានបំផុសគំនិតដោយការិយាល័យកណ្តាលនៃរាជវង្ស Joseon និងបញ្ញវន្តម្នាក់។ លោក​ជា​សកម្មជន​ប្រឆាំង​ជប៉ុន។
  • ឈ្មោះ Yoon Bong Gil (សម្តែងដោយ Lee Do Hyun) ត្រូវបានបំផុសគំនិតដោយសកម្មជនឯករាជ្យកូរ៉េ និងជាគ្រូបង្រៀនសម្រាប់ប្រជាជនកូរ៉េ។

៣. បិសាច Nure-onna

នេះជាសត្វចម្លែកដែលមានរាងពស់មានឈ្មោះ Nure-onna ដោយបិសាចនេះស៊ីមនុស្ស ហើយរុំខ្លួនជនរងគ្រោះដូចជាពស់ថ្លាន់។ ប្រហែលនោះហើយជាមូលហេតុដែល Gisune ប្រើមឈូសឆ្លាក់រូបពស់ ដើម្បីដាក់បណ្តាសាជីតារបស់ខ្លួន ហើយនាំ Nure-onna ទៅជាមួយ។

៤. បទបំពេក្មេង Lullaby

ត្រង់ឈុតមួយនោះគិលានុបដ្ឋាយិកាម្នាក់ច្រៀងបទ Rock-a-bye Baby lullaby ទៅកាន់កូនទើបនឹងកើតរបស់ Park Ji Yong។ បទភ្លេង​ពិរោះ​ណាស់​ តែ​ទំនុក​ច្រៀង​វិញនឹងធ្វើឲ្យអ្នកដែលបានស្ដាប់ស្រៀវឆ្អឹងខ្នងបំផុត​។ ត្រង់ឃ្លាថា «ពេល​ខ្យល់​បក់​មក គ្រែយោល​នឹង​ញ័រ ហើយបើពេលនោះ​មានមែក​ឈើ​បាក់ កូននឹងធ្លាក់ពីគ្រែយោល»។ ឃ្លានេះពិតជាបង្ហាញពីគ្រោះថ្នាក់ដែលទារកនឹងត្រូវជួប។

៥. ការពិតរបស់តួ Oni

ឈុតឆាកនៃរឿង Oni ត្រូវបានសម្តែងដោយតារាសម្តែង Kim Min Jun ជាមួយនឹងសំលេងបញ្ចូលដោយតារាបញ្ចូលសំឡេងជប៉ុន Rikiya Koyama។ ទន្ទឹមនឹងនេះ រាងកាយរបស់ Oni យកគំរូតាមឥរិយាបថរបស់អតីតកីឡាករបាល់បោះ Kim Byeong Oh ដែលមានកម្ពស់ ២,២ម៉ែត្រ

៦. គ្រប់យ៉ាង​ដែលបង្ហាញ​ក្នុងរឿង សុទ្ធតែត្រូវបានសិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់

យោងទៅតាមអ្នកដឹកនាំរឿង តួអង្គទាំងអស់បានសិក្សាពីពិធីសាសនាពិតៗពីអ្នកប្រាជ្ញ ឬអ្នកមានជំនាញ ដើម្បីបង្ហាញពួកគេនៅក្នុងខ្សែភាពយន្តនេះ។

តារាសម្ដែងជួរមុខ Kim Go Eun ដែលសម្តែងជា Hwarim បាននិយាយនៅក្នុងបទសម្ភាសន៍ថា នាងព្រួយបារម្ភបន្តិចចំពោះការឈ្លក់វង្វេង ឬរឿងអព្ភូតហេតុផ្សេងទៀតដែលនាងអាចជួបប្រទះ។ នេះគឺដោយសារតែអ្វីគ្រប់យ៉ាងដែលនាងបានធ្វើក្នុងរឿង ដូចគ្នាទៅនឹងគ្រូពិតប្រាកដធ្វើមែន។ ប៉ុន្តែ​គ្រូមន្តអាគមពិត ​ដែល​ជួយ​ក្នុងដំណើរការផលិត​ភាពយន្ត​បាន​និយាយ​ជាមួយ​នាង​ថា នាង​មិន​ចាំបាច់​បារម្ភ​រឿង​បែប​នេះ​ទេ ព្រោះវានឹងមិនប៉ះពាល់នាងក្នុងជីវិតពិតឡើយ។

ជាមួយគ្នានោះ អ្នកដឹកនាំរឿងក៏បាន​លើកឡើងដែរថា ឈុតដែលធ្វើពិធីគាស់ផ្នូរ និងឈុតសំខាន់ៗផ្សេងៗ ដូចជាទាក់ទងនឹងការហៅវិញ្ញាណ គឺធ្វើឡើងពិតប្រាកដ ដោយមានគ្រូអាគមនៅចាំជួយមើលយ៉ាងលម្អិត ពុំមែនថតឲ្យតែបាន​នោះទេ៕

ប្រភព៖ KAPANLAGI

អត្ថបទ៖ ធារី

អត្ថបទពេញនិយម