Melody, ក្បាច់រាំ និងការតុបតែង មីណា បន្ថែមរសជាតិបទ «Tipsy» កាន់តែអ៊េមខ្លាំង
- 2024-04-29 04:20:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Melody, ក្បាច់រាំ និងការតុបតែង មីណា បន្ថែមរសជាតិបទ «Tipsy» កាន់តែអ៊េមខ្លាំង
ចន្លោះមិនឃើញ
ទីបំផុតតារាចម្រៀងរូបស្រស់ មីណា ដែលមានឈ្មោះពិតថា ហុង ស្រីពេជ្រ ដាច់ចិត្តទម្លាក់ស្នាដៃចម្រៀងថ្មីរបស់នាងលើទីផ្សារហើយ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដែលបទថ្មីសន្លាងនេះចំណងជើងថា «Tipsy»។
មិនដែលធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រខកបំណងម្តងណាឡើយ សិល្បករ K’ve Entertainment រូបនេះ បានពាំនាំមកនូវចម្រៀងរសជាតិថ្មីប្លែកពុំធ្លាប់មានពីមុនមក ជាមួយក្បាច់រាំបង្កើតថ្មីដ៏រស់រវើក គ្មាននរណាម្នាក់អាចពន់ខ្លួនរាំបានដូចនាង និងក្រុមរាំរបស់នាងឡើយ។
គ្រាន់តែទម្លាក់លើទីផ្សារភ្លាម «Tipsy» ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) គ្រប់ទម្រង់ ពិសេសយុវវ័យអ្នកនិយមទស្សនាចម្រៀងចង្វាក់ k-pop តែម្តង។ ក្នុងនោះផងដែរ វីដេអូក្រៅឆាក (BTS) នៃការហាត់សមក្បាច់រាំក្នុងបទ «Tipsy» ត្រូវបានបង្ហោះចែកចាយពាសពេញកម្មវិធី Tik Tok ដែលវីដេអូទាំងនោះកំពុង viral ខ្លាំងតែម្តង ដោយមានអ្នកចុចទស្សនាយ៉ាងច្រើន ដើម្បីហាត់រៀនពីក្បាច់រាំដែល មីណា ទើបបង្កើតថ្មីនេះ។
គ្រប់គ្នាបានលាន់មាត់សរសើរស្នាដៃចម្រៀងថ្មីរបស់ មីណា មិនដាច់ពីមាត់ លើ Melody, ក្បាច់រាំ, ការតុបតែង សូម្បីតែ vocal , visual នៃការផលិត MV មើលទៅទាក់ទាញខ្លាំងមែនទែន កាន់តែស្តាប់កាន់អ៊េមខ្លាំង។
មិនត្រឹមល្បីល្បាញក្នុងស្រុកប៉ុណ្ណោះទេ បទ «Tipsy» របស់ស្រីស្អាត មីណា កំពុងល្បីខ្ទរខ្ទាយចេញទៅទីផ្សារក្រៅស្រុកទៀតផង ដោយមានជាតិសាសាន៍ផ្សេងៗជាច្រើនបានចុចចូលទស្សនា MV បទ «Tipsy» លើឆានែល K've Entertainment ថែមទាំងបាន Comment មតិយោបល់ល្អៗអំពីបទថ្មីនេះទៀតផង។
គួររំឮកផងដែរថា មុនទម្លាក់ MV ដ៏ទាក់ទាញនៃបទ «Tipsy» ជាផ្លូវការ តារាចម្រៀងនិយមស្ទីល៍តុបតែងបែបកូរ៉េៗ មីណា បានលើកយកបទថ្មីនេះទៅសម្តែងនៅតាម concert ផ្សេងៗច្រើនដងមកហើយ ជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់នាងស្គាល់ពី Melody និងក្បាច់រាំដ៏រស់រវើកនៃបទចម្រៀងថ្មីនេះ។
អ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះគឺ មីណា បានដាក់បញ្ចូលស្ទីល៍តុបតែងខ្លួនប្លែកៗជាច្រើនរសជាតិទៅក្នុង MV នោះ ធ្វើឱ្យអ្នកទស្សនាទទួលបានបទពិសោធន៍ថ្មីនៃការទស្សនា MV ចម្រៀងខ្មែរ ដែលរៀបចំតុបតែងស្ទីល៍ ទាក់ទាញខ្លាំងស្រដៀង MV នារីកូរ៉េដូច្នោះដែរ៕
រូបភាព៖ ហ្វេសប៊ុក Mina Official & K've entertainment