ទំនប់ព្រែកជីកលំហាច ត្រូវបានជួសជុល ក្រោយមានទឹកជំនន់ហូរច្រោះដាច់យ៉ាងធ្ងន់ធ្ងរ
- 2024-05-20 03:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនប់ព្រែកជីកលំហាច ត្រូវបានជួសជុល ក្រោយមានទឹកជំនន់ហូរច្រោះដាច់យ៉ាងធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ទំនប់ព្រែកជីកលំហាចបានជួបស្ថានភាពហូរច្រោះដាច់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់នៅរដូវវស្សា ចុងឆ្នាំ២០២៣ ទើបនាយកដ្ឋានធារាសាស្ត្រកសិកម្មធ្វើការជួសជុលទំនប់ឱ្យបានល្អប្រសើរឡើងវិញ ដើម្បីការពារកុំឱ្យមានការបាក់ដាច់និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់តម្កល់ទឹកទុក និងបម្រើដល់គ្រប់វិស័យ ជាពិសេសការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងផ្នែកខាងក្រោមទំនប់។ ការថ្លែងនេះធ្វើឡើងក្នុងពេលលោក ផាង វី បានដឹកនាំមន្រ្តីបច្ចេកទេសនាយកដ្ឋានចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តលំហាច ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
ទំនប់ព្រែកជីកលំហាចនៃប្រព័ន្ធធារាសាស្ត្រលំហាចសាងសង់នៅក្នុងរបបប៉ុលពតបានទទួលទឹករស់ពីប្រភពស្ទឹងបំណក់ខេត្តពោធិ៍សាត់ និងមួយផ្នែកទៀតពីភ្នំស្រែអំបិលខេត្តកំពង់ឆ្នាំង មានតួនាទីយ៉ាងសំខាន់ដើម្បីរំដោះទឹកជំនន់ ព្រមទាំងតម្កល់និងបង្វែរទឹកពីស្ទឹងបរិបូណ៌សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រព័ន្ធធារាសាស្ត្រលំហាច។
ក្នុងឱកាសនោះដែរ លោកប្រធាននាយដ្ឋានបានណែនាំដល់ក្រុមការងារឱ្យយកបន្តចិត្តទុកដាក់លើគុណភាព និងបទដ្ឋានបច្ចេកទេស ជាពិសេសជំរុញពន្លឿនការងារឱ្យសម្រេចរួចរាល់មុនរដូវវស្សាដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រលំហាច លាតសន្ធឹងតាមបណ្តោយស្ទឹងបរិបូណ៌ ដែលមានចម្ងាយ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង និងមានចម្ងាយ ១២១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ប្រព័ន្ធនេះបានស្តារ និងសាងសង់ឡើងវិញក្នុងឆ្នាំ២០២០ ដោយថវិកា JICA ដែលរួមមាន ប្រឡាយមេបេតុងចំនួន ១ខ្សែ ប្រវែងសរុប ១៦៣៩៦ម៉ែត្រ ប្រឡាយរងដីចំនួន ១ខ្សែ មានប្រវែង ៨៨១ម៉ែត្រ និងប្រឡាយរងបេតុងចំនួន ១៣ខ្សែ ប្រវែងសរុបប្រមាណ ៤២ ៣៦៣ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពក្នុងឃុំចំនួន៤ នៃស្រុកបរិបូណ៌ និងមានប្រជាជនទទួលផលចំនួន ១៣៣៤គ្រួសារ ព្រមទាំងមានសក្តានុពលស្រោចស្រពលើផ្ទៃដីចំនួន ៥១៨៣ហិកតា និងជួយដល់ការគ្រប់គ្រងទឹកជំនន់នៅក្នុងតំបន់ផងដែរ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម