មិនឱបដៃមើល! ទូច បុប្ផា បង្ហោះសារចំៗពីជ្រុងមួយនៃមហោស្រពភាពយន្តទីក្រុងកាន ជាការឆ្លើយតបរឿងដ៏រស៊ើបហើយក្តៅគគុកលើបណ្តាញសង្គម

  • 2024-05-23 07:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានបទដ៏ក្តៅគគុកដូចបាយពុះ ដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផ្ទុះការវែកញែកឥតឈប់ពីការចូលរួមដើរកម្រាលព្រំក្រហម Cannes Film Festival 2024 របស់សិល្បករ និងបុគ្គលមានឥទ្ធិពលរបស់កម្ពុជាក្នុងឆ្នាំនេះ នៅតែបន្តកើតមានឡើងនៅឡើយ។ ក្នុងនោះ មានទាំងមតិវិជ្ជមានបែបលើកសរសើរ និងមតិអវិជ្ជមានលក្ខណៈជាន់ពន្លិច។

មិនឱបដៃឈរមើលរឿងទាំងនេះទៀត កញ្ញា ទូច បុប្ផា ហៅ ធីតា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន បានចេញមុខបង្ហោះសារចាក់ដោតលើទំព័រហ្វេសប៊ុកផ្លូវការ Touch Bopha-Thyda PNN បង្ហាញចំៗពីជ្រុងមួយនៃមហោស្រពភាពយន្តទីក្រុងកាន ដោយកញ្ញាបានបញ្ជាក់ច្បាស់ៗថា មហោស្រពភាពយន្តទីក្រុងកាន មិនចាំបាច់តម្រូវតែតារា ឬផលិតករដែលមានភាពយន្តយកទៅប្រកួតប្រជែងនោះទេ តែអាចចូលរួមបាន ឱ្យតែអ្នកពាក់ព័ន្ធនឹងវិស័យនេះ រួមទាំងអ្នកមានស្នាដៃ (Credit) គឺអាចចូលរួមតាមរយៈលខិតអញ្ញើញ (Invitation), ការបង់ថ្លៃចូលរួម (register) គ្រាន់តែការស្នាក់នៅ និងហូបចុក គឺត្រូវចំណាយផ្ទាល់ខ្លួន។

រូបភាព៖ ហ្វេសប៊ុក Thyda PNN

ទៀតសោត ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានធ្វើការស្នើរចំៗដល់បងប្អូនខ្មែរទាំងអស់ ឱ្យងាកមកផ្តល់តម្លៃតារាខ្មែរយើងដោយរូបភាពវិជ្ជមាន និងកោតសរសើរពួកគាត់ ដែលខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនទៅចូលរួមកម្មវិធីនេះ។

កញ្ញា ទូច បុប្ផា រៀបរាប់ថា «ជ្រុងមួយនៃមហោស្រពភាពយន្តទីក្រុងកាន មិនចាំបាច់តម្រូវតែតារា រឺ ផលិតករដែលមានភាពយន្តយកទៅប្រកួតប្រជែងនោះទេតែអាចចូលរួមបាន អោយតែអ្នកពាក់ព័ន្ធនឹងវិស័យនេះ រួមទាំងអ្នកមាន Credit, គឺអាចចូលរួមតាមរយៈInvitation, រឺការបង់ថ្លៃ register តែការស្នាក់នៅនិងហូបចុកគឺត្រូវចំណាយផ្ទាល់ខ្លួន ហើយមានប្រទេសជិតខាងយើងក៏បានចំណាយថវិកាទៅចូលរួមដូចគ្នា ដើម្បីអោយគេមានឈ្មោះនៅក្នុងតារាងកម្មវិធី ។ ជ្រុងមួយទៀតដែលថា មហោស្រពនេះមិនមែនជា Fashion Show, ទោះមិនមែនជា Fashion Show, តែអ្នក Design ល្បីៗតែឆ្លៀតឧិកាសនេះយកសំលៀកបំពាក់របស់ពួកគេអោយតារាល្បីៗស្លៀកចូលរួមក្នុងចំណោមកាម៉ារ៉ាពីអ្នកកាសែតពិភពលោករាប់រយនាក់ ដើម្បីជាការធ្វើទីផ្សារគេមួយដែរ។ ដូច្នេះសូមបងប្អូនខ្មែរទាំងអស់ អោយតម្លៃតារាខ្មែរយើងដោយរូបភាពវិជ្ជមាន និងកោតសរសើរពួកគាត់ដែលខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនទៅចូលរួមកម្មវិធីនេះ និងជាផ្នែកមួយដែលតារាខ្មែរយើងលេចមុខបន្តិចម្តងៗ នៅលើឆាកអន្តរជាតិបែបនេះ »។

រូបភាព៖ ហ្វេសប៊ុក Touch Bopha-Thyda PNN

អ្វីដែលបានរៀបរាប់ខាងលើនេះ ប្រៀបបីដូចជាការពន្យល់បកស្រាយឱ្យគ្រប់គ្នាដឹងពីជ្រុងមួយនៃការចូលរួម Cannes Film Festival ខណៈដែលអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះបុគ្គលដែលគេគិតថាពាក់ព័ន្ធវិស័យនេះ តែបែរជាមានមុខលើកម្រាលព្រំក្រហម។

មិនត្រឹមតែ កញ្ញា ធីតា ដែលធ្វើការស្នើរឱ្យបងប្អូនខ្មែរឱ្យផ្តល់តម្លៃសិល្បករក្នុងស្រុក សូម្បីតារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន ក៏សូមឱ្យពុកម៉ែបងប្អូន និងបណ្តាអ្នកគាំទ្រធ្វើការបើកចិត្តទទួលនូវអ្វីថ្មីៗជាងការរិះគន់បែបជាន់ពន្លិច ព្រោះទាំងនាង និងសិល្បករផ្សេងៗទៀតខំប្រឹងណាស់ ដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ដូច្នេះបើមិនបានសរសើរក៏ពុំគួរជាន់ពន្លិចខ្មែរគ្នាឯងបែបនេះឡើយ។ នេះបើតាមការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកនៅបរិវេនច្រកចេញអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៤៕

រូបភាព៖ ហ្វេសប៊ុក Shin Yubin ស៊ីន យូប៊ីន

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី