តំបន់​ភ្នំបូកគោ និងខេត្ត​មណ្ឌលគិរី នឹងមាន​ថាមពលដើរដោយខ្យល់

  • 2024-05-23 08:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា ​នឹងឈាន​ទៅធ្វើថាមពល​ដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្តមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ។ នេះបើតាម​ការថ្លែងរបស់​ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ និងថាមពល តាមរយៈវីដេអូឃ្លីបមួយ​បង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ ដោយ​ឯកឧត្តម​បាន​លើកឡើង​ពីថាមពលដើរដោយខ្យល់មួយកន្លែង​នៅក្នុងប្រទេសចិន។

បើតាមឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា៖ «នេះគឺជាថាមពលស្អាតមួយ ដែលយើងគ្រោងនឹងដាក់ឡើងបន្ថែម​ដើម្បីជួយរុញ ថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី​នៅប្រទេសកម្ពុជាយើង»។

គួរ​រំលឹក​ថា ក្នុងជំនួបពិភាក្សា​មួយកាលពីខែមករា ឆ្នាំ​២០២៤ នាយកប្រតិបត្តិក្រុមហ៊ុន​បារាំង Blue Circle លោក Olivier Duguet បាន​ជម្រាប​ជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុន​បាន​ជ្រើសរើស​យកខេត្តមណ្ឌលគិរី ដើម្បី​អនុវត្តគម្រោង​ទីមួយរបស់ក្រុមហ៊ុន លើគម្រោងទាញ​យកថាមពល​ខ្យល់​ បំប្លែង​ជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការ​ចាប់ពីឆ្នាំ​២០២៦ តទៅ។

លោក Olivier Duguet បាននិយាយ​ថា ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ក្រុមហ៊ុន​លោក​បានកត់សម្គាល់​ទីតាំងមួយចំនួន​ដែលអាចផ្តល់លទ្ធភាព​ផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរី។ ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន ១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់​ទៅថ្ងៃអនាគត ។ ក្នុងន័យនេះ កម្ពុជាអាចនឹងទទួលបានប្រភពថាមពលអគ្គិសនីដែលកើតចេញពីប្រភពកកើតឡើងវិញកាន់តែច្រើន និងអាចនាំចេញថាមពលអគ្គិសនី ទៅក្រៅប្រទេស បានផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម