ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នឹង​ទទួលបាន​អារម្មណ៍ដូច​ទៅកាន់​សម័យអង្គរដ៏រុងរឿង

  • 2024-06-04 03:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសហគមន៍សាមគ្គីមួយ ដើម្បីឱ្យបម្រើសេវាដល់អ្នកទេសចរជិះទូកលេងកម្សាន្តនៅបារាយណ៍ជយតដាក(បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។

អាជ្ញាធរជាតិអប្សរា រៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។

អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាកតាំងតែពីឆ្នាំ២០១៧មក ក៏ប៉ុន្តែ គម្រោងនេះ បានខកខានដោយសារតែជំងឺកូវីដរាតត្បាត។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរ នៅបារាយណ៍ជយតាដាកនោះឡើងវិញ ដោយមានការគាំទ្រពីស្ថាប័នGIZ និងអង្គការយូណេស្កូ។ បារាយណ៍ជយតាដាក រួមទាំងប្រាសាទព្រះខ័ន សាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅពេលទេសចរបានជិះទូកនៅក្នុងបារាយណ៍ ហាក់បីដូចជានាំអារម្មណ៍បានទៅកាន់អតីតកាលដ៏រុងរឿងនាសម័យអង្គរ និងមានលក្ខណៈពិសេសខុសប្លែកពីទីតាំងផ្សេងៗ។

សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ដែលជាផលិតផលទេសចរណ៍មួយថ្មី ដែលនឹងផ្តល់បទពិសោធន៍ល្អ ជាមួយបរិយាកាសខ្យល់បរិសុទ្ធ វារីជាតិ សម្បូរបែប សត្វព្រៃផ្សេងៗ ប្រាសាទនៅកណ្ដាលបារាយណ៍ អមដោយទេសភាពវប្បធម៌ សេវាកម្មល្អ សុវត្ថិភាពផ្តល់ឱ្យទេសចរមិនខកបំណងនោះឡើយ៕

សូមជម្រាបថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ !

ប្រភព៖ អាជ្ញាធរជាតិអប្សរា