អ្នកឧកញ៉ា លី សុភ័ក្ដ ទើបចុះហត្ថលេខាជាផ្លូវការ នាំចូលផ្ដាច់មុខរថយន្ដសេរីទំនើប LYNK & CO ថ្ងៃនេះ
- 2025-04-07 10:47:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឧកញ៉ា លី សុភ័ក្ដ ទើបចុះហត្ថលេខាជាផ្លូវការ នាំចូលផ្ដាច់មុខរថយន្ដសេរីទំនើប LYNK & CO ថ្ងៃនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន LYNK & CO Automotive (Cambodia) បានចុះកិច្ចព្រមព្រៀងជាផ្លូវការ លើការនាំចូលរថយន្តទំនើបម៉ាក LYNK & CO ចូលមកក្នុងទីផ្សារកម្ពុជា នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ ក្រោមវត្ដមានរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ពៅ ម៉ាលី និងលោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប។
ក្នុងពិធីចុះហត្ថលេខា អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល LYNK & CO Automotive (Cambodia) បានថ្លែងថា ការមកដល់ នៃរថយន្តម៉ាក LYNK & CO នឹងរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការដឹកជញ្ជូនបៃតង និងនិរន្តរភាព។ អ្នកឧកញ៉ា បន្ថែមថា៖ “ថ្ងៃនេះជាពេលវេលាដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ក្រុមហ៊ុនរបស់យើងទេ ប៉ុន្តែក៏សម្រាប់ដំណើរឆ្ពោះទៅកាន់បរិស្ថានស្អាត និងអនាគតប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ” ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបង្ហាញពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ “ការនាំចូលរថយន្ត Lynk & Co មិនត្រឹមតែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈបច្ចេកវិទ្យាទាន់សម័យ ដែលមានការបំភាយឧស្ម័នទាប”។
លោក ប្រ៊ូស លី(Mr. Bruce Lee) ប្រធានតំបន់អាស៊ីអាគ្នេយ៍ ម៉ាក LYNK & CO បានចែករំលែកថា កម្ពុជាត្រូវបានជ្រើសរើសដោយសារសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងប្រជាជនវ័យក្មេងដែលបានកំពុងស្វែងយល់ពីបច្ចេកវិទ្យាទំនើប។ លោកបញ្ជាក់ថា “កម្ពុជាមានកំណើនសេដ្ឋកិច្ចជាង ៦,៨% ជាប់គ្នា ៥ ឆ្នាំ និងប្រជាជន ៦៥% មានអាយុក្រោម ៣០ឆ្នាំ ដែលជាកម្លាំងចលករសម្រាប់យើង” ។
រថយន្តម៉ាក LYNK & CO ដែលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះរួមមានម៉ូដែល LYNK & CO 06 EM-P ដែលអាចបើកបរបាន ១១៥០ គីឡូម៉ែត្រ និង LYNK & CO 08 EM-P ដែលអាចបើកបរបានសរុប ១,២០០ គីឡូម៉ែត្រ។ ម៉ូដែលទាំងនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជា ដោយផ្តោតលើបច្ចេកវិទ្យាទំនើបនិងទាន់សម័យ សុវត្ថិភាព និងតម្លៃសមរម្យ។
លើសពីនេះ ក្រុមហ៊ុនផ្តល់ជូននូវការធានាឈានមុខគេក្នុងឧស្សាហកម្មរថយន្តអគ្គីសនី ដោយរថយន្តគ្រប់ម៉ូដែលទទួលបានការធានា ៥ ឆ្នាំ ឬ ១០០,០០០ គីឡូម៉ែត្រ និងការធានាសមាសធាតុអគ្គិសនីសំខាន់ៗរយៈពេល ៨ ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។
LYNK & CO Automotive (Cambodia) បានប្តេជ្ញាចិត្តសហការជាមួយដៃគូក្នុងស្រុកដើម្បីបង្កើតស្ថានីយ៍សាកថ្មទូទាំងប្រទេស ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី និងបង្កើតឱកាសការងារថ្មីៗដូចជា ការដំឡើង ថែទាំ និងសេវាកម្មជួសជុល។ លើសពីនេះ នៅខែឧសភា ឆ្នាំ២០២៥ ទីតាំងតាំងបង្ហាញរថយន្ត ម៉ាក LYNK & CO ដំបូង នឹងបើកដំណើរការនៅភ្នំពេញ និងគ្រោងពង្រីកទៅខេត្តសៀមរាប និងខេត្តព្រះសីហនុក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
កម្មវិធីនេះបានបញ្ចប់ដោយការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរវាង អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល LYNK & CO Automotive Cambodia និង លោក ប្រ៊ូស លី(Mr. Bruce Lee) ប្រធានតំបន់អាស៊ីអាគ្នេយ៍ ម៉ាក LYNK & CO ក្រោមអធិបតីភាព ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប ជាសាក្សីកិត្តិយស។
LYNK & CO Automotive (Cambodia) សន្យាថានឹងនាំមកនូវបទពិសោធន៍ថ្មីនៃការបើកបរ ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថានបៃតងនៅកម្ពុជា៕