ផ្លូវជាតិធំៗ២ខ្សែ ទៅកោះកុង គឺផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ នឹងសាងសង់រួចរាល់នៅឆ្នាំក្រោយ

  • 2024-06-07 07:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅឆ្នាំ​២០២៥ខាងមុខនេះ ខេត្តកោះកុង​នឹងក្លាយជាគោលដៅ​ដ៏សំខាន់មួយរបស់​ប្រជាពលរដ្ឋខ្មែរ ខណៈផ្លូវជាតិធំៗ២ខ្សែ នឹងសាងសង់រួចរាល់ គឺ​ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០។

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកស្រែអំបិល ដល់ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦០,៥០% ហើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ ២០២៤ ដោយគ្រោង​នឹង​បញ្ចប់ការសាងសង់​ក្នុងរដូវប្រាំង ឆ្នាំ​២០២៥ខាងមុខ។ នេះបើតាមការចុះផ្សាយ​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវជាតិមួយខ្សែនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង១១៨,៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩,៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១,៥ម៉ែត្រ។

គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ គ្រោងចំណាយថវិកាសរុបប្រមាណ ៨៤,៦៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ដោយឡែក​សម្រាប់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់​ខេត្តចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង មានប្រវែងសរុប​ជាង ១៩៨គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ សម្រេចការសាងសង់បាន៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដំណាច់​ខែឧសភា ឆ្នាំ២០២៤។  គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

ក្នុងគម្រោង​ផ្លូវជាតិលេខ១០នេះដែរ គឺមានការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលសម្រេចបាន ៤១,៥០% ដោយគ្រោង​ដាក់ឱ្យប្រើប្រាស់​សាកល្បង​នៅចុខែមិថុនា ឆ្នាំ​២០២៥។ ស្ពាន​នេះមានប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្ពស់ ៩០ម៉ែត្រ ឆ្លងកាត់​ស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី