ក្រុមហ៊ុនជប៉ុន២ ប្រកាសបិទរោងចក្រដំឡើងរថយន្តក្នុងប្រទេសថៃ
- 2024-06-11 09:24:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនជប៉ុន២ ប្រកាសបិទរោងចក្រដំឡើងរថយន្តក្នុងប្រទេសថៃ
ចន្លោះមិនឃើញ
ត្រឹមតែរយៈពេលកន្លះខែប៉ុណ្ណោះ ក្រុមហ៊ុនរថយន្តជប៉ុនចំនួន២ គឺ Subaru និង Suzuki បានប្រកាសបិទរោងចក្រដំឡើងរថយន្តក្នុងប្រទេសថៃ ក្នុងនោះ Subaru នឹងបញ្ឈប់នៅចុងឆ្នាំ២០២៤ ឯ Suzuki នៅចុងឆ្នាំ២០២៥។
Subaru បានបញ្ជាក់ថា បន្ទាប់ពីខ្លួនបិទរោងចក្រដំឡើងរថយន្តក្នុងប្រទេសថៃ នៅចុងឆ្នាំនេះ គឺរាល់រថយន្តដែលលក់ក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងកម្ពុជា គឺនឹងសុទ្ធតែជារថយន្តដែលនាំចូលផ្ទាល់ពីប្រទេសជប៉ុនតែម្តង។
ការសម្រេចចិត្តនេះ ធ្វើឡើងខណៈដែលរថយន្ត Subaru មិនទទួលជោគជ័យឡើយក្នុងការលក់នៅប្រទេសថៃ ពោលគឺក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ គឺលក់បានត្រឹមតែ ៣៤៤គ្រឿងប៉ុណ្ណោះ។ Subaru ក៏បានអះអាងដែរថា ការនាំចូលផ្ទាល់ពីជប៉ុនបែបនេះ ក៏នឹងជួយឱ្យក្រុមហ៊ុនពង្រឹងប្រេនរថយន្តរបស់ខ្លួន ជាពិសេសលើរថយន្តប្រណីតដែលបំពាក់បច្ចេកវិទ្យាចុងក្រោយ។
ចំណែកក្រុមហ៊ុន Suzuki បញ្ជាក់ថា ខ្លួននឹងបិទរោងចក្រក្នុងប្រទេសថៃ ត្រឹមចុងឆ្នាំ២០២៥ ហើយបន្ទាប់មកគឺនឹងផ្តោតលើការនាំចូលរថយន្តចូលមកលក់នៅប្រទេសនេះវិញ ដែលជាប្រភេទរថយន្តអគ្គិសនី និង Hybrid ដើម្បីជំរុញអព្យាក្រឹត្យកាបូន។
ទោះបិទរោងចក្រក៏ពិតមែន តែ Suzuki នៅតែប្រតិបត្តិការក្នុងប្រទេសថៃ លើការលក់ និងសេវាកម្មក្រោយលក់ ដោយនាំចូលរថយន្តពីប្រទេសជប៉ុន ឥណ្ឌា និងប្រទេសអាស៊ានដទៃទៀត៕