Honda ចាប់ផ្តើមផលិត CR-V អ៊ីដ្រូសែន ឯ Toyota ក៏កំពុងតេស្តបើកបរ Hilux អ៊ីដ្រូសែនដែរ

  • 2024-06-12 04:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​ដែល​ការផលិតរថយន្តអគ្គិសនី​កំពុងកើនឡើង​ ប៉ុន្តែក្រុមហ៊ុនរថយន្តជប៉ុនធំៗពីរ ហាក់មិនសូវផ្តោតលើប្រភេទរថយន្តនេះ តែកំពុងផ្តោត​លើ​ប្រភេទថាមពលថ្មីសម្រាប់រថយន្ត​ដែលមិនប៉ះពាល់ដល់បរិស្ថាន គឺ​ចំហេះអ៊ីដ្រូសែន។

កាលពីសប្តាហ៍មុន Honda បាន​ចាប់ផ្តើម​ដំណើរការផលិត​រថយន្ត Honda CR-V 2025 e:FCEV ហើយ​ដែលប្រើចំហេះអ៊ីដ្រូសែន​លាយជាមួយអាគុយ ជាលើកដំបូង នៅរដ្ឋ Ohio សហរដ្ឋអាមេរិក។

រថយន្ត SUV នេះ បំពាក់ម៉ូទ័រ​អគ្គិសនី​មួយ​ផលិតបានកម្លាំង ១៧៤សេះ និងកម្លាំង​រមួល ៣១១ញូតុនម៉ែត្រ។ ធុងអ៊ីដ្រូសែន​របស់វា​​មានចំណុះ ៤,៣គីឡូក្រាម ពេលចាក់ពេញអាចធ្វើដំណើរបានចម្ងាយ ៤៣៥គីឡូម៉ែត្រ និងកញ្ចប់អាគុយ​ទំហំ ១៧,៧គីឡូវ៉ាត់ម៉ោង ដែលពេលសាកពេញ​អាចធ្វើដំណើរបាន​ចម្ងាយ ៤៧គីឡូម៉ែត្រ។

ចំណែក Toyota វិញ ក៏កំពុងធ្វើតេស្តបើកបរសាកល្បង​រថយន្តភីកអាប់ Hilux ប្រើចំហេះអ៊ីដ្រូសែនផងដែរ នៅក្នុងប្រទេសអង់គ្លេស។ រថយន្តដែលកំពុងធ្វើតេស្ត​មានចំនួន ៥គ្រឿង ក្នុងចំណោម ១០គ្រឿង​ដែលជាគំរូរថយន្ត ផលិតនៅក្នុងរោងចក្រ​ ប្រទេសអង់គ្លេស ដើម្បី​ប្រមូលទិន្នន័យជាក់ស្តែង​អំពីមុខងារ ភាពធន់ សុវត្ថិភាព និងសន្ទុះ​របស់វា ហើយ​ក៏ត្រៀម​ដាក់បម្រើសេវាដឹកជញ្ជូន​ក្នុងព្រឹត្តិការណ៍កីឡាអំឡាំពិក នៅក្រុងប៉ារីស​នាពេលខាងមុខនេះផងដែរ។

រថយន្ត Toyota Hilux នេះ បំពាក់ធុងចំនួន៣ ដែលអាច​ផ្ទុកអ៊ីដ្រូសែនសរុប ៧,៨គីឡូក្រាម អាចឱ្យរថយន្តអាចធ្វើដំណើរបានដល់ ៦០០គីឡូម៉ែត្រ។ រថយន្តនេះ មានកម្លាំងសរុប ១៨០សេះ និង​កម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ។ ពេលរត់ជាក់ស្តែង គេពុំឃើញ​មានផ្សែងចេញពីបំពង់ស៊ឺមាំងឡើយ គឺមានចេញតែទឹកប៉ុណ្ណោះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី