លម្អិតអំពីស្ពានអាកាសភ្លោះ ដែលភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ឆ្លងផ្លូវជាតិលេខ២ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិតេជោ
- 2024-06-17 02:37:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតអំពីស្ពានអាកាសភ្លោះ ដែលភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ឆ្លងផ្លូវជាតិលេខ២ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិតេជោ
ចន្លោះមិនឃើញ
ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ហើយ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីនេះថា ស្ពានអាកាសភ្លោះនេះ គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនាក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។
ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦ ២០០ ៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ ស្ពាននេះ នឹងក្លាយជាស្ពានអាកាសទី៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន។
គម្រោងសាងសង់ស្ពានអាកាសនេះ នឹងត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។
ក្នុងនោះ ស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្ដោយស្ពានមានប្រវែង ៦២២ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស។
បច្ចេកទេសនៃការស្ថាបនា គឺត្រូវសាងសង់សសរស្ពាន ចំនួន៦ទីតាំង មាន ៧ប្រឡោះ ដែលមានគម្លាតអតិបរមា ៤៥ម៉ែត្រ។ សសរគ្រឹះ ត្រូវខួងគ្រឹះតាមអង្កត់ផ្ចិតមុខកាត់ ទំហំ ១,៥ម៉ែត្រ និងមានជម្រៅ ៣០ម៉ែត្រ ទៅ ៤៥ម៉ែត្រ ដែលមានជើងតាងស្ពាន ៦ទីតាំង មានទំហំ ៦,២៥ x ២,៥ម កម្ពស់ ២,៥ម ទ្រដោយគ្រឹះ២ដើម មានមុខកាត់ទំហំ ១,៥ម។
ចំពោះលក្ខណៈរូបវន្តនៃការសាងសង់ស្ពាននេះ មានជម្រាលទទឹង ២% ជម្រាលបណ្តោយស្ពាន ៩,៥% ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន ដោយកំណត់ល្បឿនយានយន្តបើកបរលើស្ពាន ៤០គីឡូម៉ែត្រ/ម៉ោង និងមានកម្ពស់សុវត្ថិភាព ៥,៥ម៉ែត្រ សម្រាប់ផ្លូវឆ្លងកាត់ផ្នែកខាងក្រោមស្ពានអាកាស។
ក្រៅពីសំណង់តូស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានហើយនោះ គម្រោងស្ពានអាកាសភ្លោះនេះ ក៏នៅមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុងគម្រោងរួមមាន៖ ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាកសញ្ញាចរាចរ, ការលាបគំនូសចរាចរ,ការរៀបចំបណ្តាញលូអមសងខាងផ្លូវ, ការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន ការដាំដើមឈើ-ដើមផ្កាលម្អ និង ការរៀបចំរចនាជាសួនច្បារបៃតង មានគម្លាត ៩ម៉ែត្រ រវាងប្រឡោះស្ពានទី១ និងស្ពានទី២ បន្ថែមទៀត៕