បុណ្យមហាផ្កាប្រាក់សាមគ្គី នៅខេត្តសៀមរាប នឹងមានពិធីដាក់បាត្រព្រះសង្ឃចំនួន ១០៨អង្គ
- 2024-06-21 06:16:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យមហាផ្កាប្រាក់សាមគ្គី នៅខេត្តសៀមរាប នឹងមានពិធីដាក់បាត្រព្រះសង្ឃចំនួន ១០៨អង្គ
ចន្លោះមិនឃើញ
ពិធីបុណ្យប្រពៃណីសាសនា «បុណ្យមហាផ្កាប្រាក់សាមគ្គី» ដែលធ្វើឡើងរយៈពេល ៣ថ្ងៃនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ខាងមុខនេះនឹងមានពិធីដាក់បាត្រព្រះសង្ឃចំនួន ១០៨អង្គ រួមទាំងមានកម្មវិធីសម្ដែងល្ខោនស្បែកតូច ល្ខោនស្បែកធំទៀតផង។
ពិធីបុណ្យខាងលើនេះផ្ដួចផ្ដើមឡើងដោយឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តសហការជ្រះថ្លាជាមួយពុទ្ធបរិស័ទទាំង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងផ្តើមប្រារព្ធ «ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី» ដើម្បីចូលរួមចំណែកកសាងព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោដែលគម្រោងកសាងនេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា ៦០លានដុល្លារអាមេរិក។
ពិធីបុណ្យនឹងប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។ ថ្ងៃទី១ ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើននូវព្រះពុទ្ធមន្តជាមង្គលដ៏ឧត្តម។ ថ្ងៃទី២ មានពិធីដង្ហែមហាផ្កាប្រាក់សាមគ្គីតាមរថយន្តដោយមានរៀបចំក្បួនដូចជា៖ ផ្កាប្រាក់ រូបតំណាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ និងវង់ភ្លេងពិណពាទ្យ។ ព្រឹកថ្ងៃទី៣ នឹងមានពិធីដាក់បាត្រព្រះសង្ឃចំនួន ១០៨ ជាកិច្ចបង្ហើយបុណ្យ។
ជាមួយគ្នានោះដែរ សុខាអូតែល ក៏មានរៀបចំស្តង់លក់ទំនិញ អាហារ ភេសជ្ជៈ និងមានកម្មវិធីសម្ដែងល្ខោនស្បែកតូច ល្ខោនស្បែកធំដោយក្រុមសិល្បៈ វត្តរាជបូណ៌ ខេត្តសៀមរាបផងដែរ។ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទអាចចូលរួមបានគ្រប់ៗគ្នាដើម្បីទទួលយកនូវផលានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួនដោយសេចក្ដីសោមនស្ស។ ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនិងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះសូមទំនាក់ទំនង: 031 7777 108៕