អការៈកាន់តែធ្ងន់! គរុវិជ្ជាចារ្យកវី វ៉ែន សុន ដាច់សរសៃឈាមខួរក្បាល កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត
- 2024-06-26 05:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អការៈកាន់តែធ្ងន់! គរុវិជ្ជាចារ្យកវី វ៉ែន សុន ដាច់សរសៃឈាមខួរក្បាល កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត
ចន្លោះមិនឃើញ
តាមរយៈព័ត៌មានបឋមផ្តល់ដោយ អ្នកគ្រូ ប៉ុល ពិសី ជាកវីនិពន្ធផ្នែកកំណាព្យ ប្រលោមលោក និងភាពយន្ត បានឱ្យដឹងថា គរុវិជ្ជាចារ្យកវី វ៉ែន សុន បានចូលបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត កាលពីថ្ងៃទី២៥ ខែមិថុនា ម្សិលមិញនេះ។
ព័ត៌មានបឋមផ្តល់ដោយ អ្នកគ្រូ ប៉ុល ពិសី ឱ្យដឹងទៀតថា គរុវិជ្ជាចារ្យកវី ដាច់សរសៃឈាមខួរក្បាល ហើយពេលនេះនៅមិនទាន់ដឹងខ្លួននៅឡើយទេ។
ក្រោយឃើញការបង្ហោះរបស់ អ្នកគ្រូ ប៉ុល ពិសី លើបណ្តាញសង្គមព្រឹកមិញនេះ មហាជនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះអការៈជំងឺរបស់គរុវិជ្ជាចារ្យកវី ខណៈសព្វថ្ងៃលោកមានវ័យ ៨៥ ឆ្នាំហើយ។
តាមដែលចាំបាន កាលពី២ឆ្នាំមុន គរុវិជ្ជាចារ្យកវី វ៉ែន សុន ធ្លាប់វះកាត់ពោះវៀនដុះខ្នែងហើយក៏ធ្លាក់ខ្លួនឈឺធ្ងន់រហូតឈានដល់ខ្សោយការចងចាំ ទើបពេលនេះដែលទទួលដំណឹងថា លោកដាច់សរសៃឈាមខួរក្បាល កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត។
គួររំឮកផងដែរថា គរុវិជ្ជាចារ្យកវី វ៉ែន សុន ជាអ្នកនិពន្ធអក្សរសិល្ប៍ផ្នែកកំណាព្យ រឿងខ្លីសម្រាប់កុមារ និងជាសាស្ដ្រាចារ្យមុខវិជ្ជានិពន្ធកំណាព្យ នៅមហាវិទ្យាល័យសិល្បៈនាដសាស្ដ្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបង្រៀនវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ។
គរុវិជ្ជាចារ្យកវីរូបនេះ បានទទួលពានរង្វាន់ជាតិចំនួន ២លើក គឺ ពានរង្វាន់មេដាយមាស ផ្នែកកំណាព្យអប់រំ “បណ្ដាំកវី” ផ្ដល់ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឆ្នាំ១៩៩១ និង ពានរង្វាន់ ៧មករា គឺរឿង “ឋានសួគ៌ក្នុងសុបិន” ផ្ដល់ដោយសមាគមអ្នកនិពន្ធខ្មែរ ក្នុងឆ្នាំ១៩៩៧។
មិនតែប៉ុណ្ណោះ លោកក៏បានទទួលពានរង្វាន់អន្ដរជាតិពីកម្មវិធី Sunthorn Phu Award លើកំណាព្យ “របាំប្រពៃណីខ្មែរ” ផ្ដល់ជូនកវីអាស៊ានទាំង ១០ប្រទេស ក្នុងឆ្នាំ២០១៣ និងជាអ្នកនិពន្ធអាវុសោខ្មែរ ១រូបក្នុងចំណោម៣ ដែលបានទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ S.E.A. Write Award លើស្នាដៃកំណាព្យ «អនិច្ចាជីវិត» ២០១៩។
ក្នុងដំណើរខ្សែផ្លូវដ៏វែងឆ្ងាយ គរុវិជ្ជាចារ្យកវី វ៉ែន សុន ក៏បង្កើតបានស្នាដៃជាច្រើនទៀតដូចជា កំណាព្យអប់រំ ប្រលោមលោក និងរឿងខ្លីអមដោយរូបភាពសម្រាប់កុមារ ថែមទាំងបានចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងឱ្យផលិតកម្មល្បីៗថែមទៀតផង។
ដូច្នេះ ដំណឹងនៃការចូលបន្ទប់សង្គ្រោះបន្ទាន់របស់គរុវិជ្ជាចារ្យកវី វ៉ែន សុន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ធ្វើឱ្យគ្រប់គ្នាកើតក្តីបារម្ភជាពន់ពេក ដោយបានប្រណម្យបន់ស្រន់សូមឱ្យគរុវិជ្ជាចារ្យឆាប់បានជាសះស្បើយក្នុងពេលឆាប់ៗនេះ៕