រដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម ជំរុញ​ឱ្យក្រុមហ៊ុន ហុង ដា សហការផលិតគ្រឿងបង្គុំ​ក្នុងស្រុក សម្រាប់ម៉ូតូហុងដា

  • 2024-06-27 07:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តក្រុមហ៊ុន ហុងដា ឱ្យពិនិត្យលទ្ធភាពសហការជាមួយសហគ្រាសធុនតូច និង​មធ្យម​ក្នុងស្រុក ដើម្បីសិក្សាសក្តានុពលនៃការផលិតគ្រឿងបង្គុំមួយចំនួន ក្នុងចំណោមគ្រឿងបង្គុំជាង ៥០០ សម្រាប់ម៉ូតូហុងដាមួយគ្រឿង។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពេល​ឯកឧត្តម ធ្វើទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូ ហុងដា នៅរាជ​ធានី​ភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៤។

ក្នុងដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុន ហុងដា បានបង្ហាញទិដ្ឋភាពទូទៅ​នៃខ្សែច្រវាក់ផលិត​កម្ម​របស់ក្រុមហ៊ុន ដោយបង្ហាញដំណើរការផលិត ពីការសង្កត់ពុម្ព និងការផ្សារគ្រឿងបង្គុំ រហូតដល់ការជ្រលក់ថ្នាំ និងផ្គុំដំឡើង។

បច្ចុប្បន្ន រោងចក្រមានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១.៥០០ គ្រឿងក្នុងមួយវេន (៨ម៉ោង)។ មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន ហុងដា បានផលិតម៉ូតូជាង ៤,៣ លានគ្រឿង និងមានបណ្តាញចែកចាយដ៏ទូលំទូលាយនៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់ទាំងសម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានកោតសរសើរក្រុមហ៊ុន ចំពោះប្រតិបត្តិការផលិត ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ។

បច្ចុប្បន្ន គ្រឿងបង្គុំម៉ូតូហុងដា ឌ្រីម (Honda Dream) ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ​គ្រឿង​បង្គុំមួយចំនួនក៏ត្រូវបានផលិតនាំចេញទៅប្រទេសជិតខាងផងដែរ។ ការអភិវឌ្ឍ​នេះ​បានលើកមុខ​មាត់​ផលិត​ផលកម្ពុជា និងបង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបើកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដល់សហគ្រាសធុនតូច និង​មធ្យម បានមកសិក្សាស្វែងយល់ពីស្តង់ដារ និងវិន័យការងាររបស់ក្រុមហ៊ុន។ ឯកឧត្តមបានកោតសរសើរក្រុមហ៊ុនចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតក្នុងស្រុកជំនួសឱ្យការនាំចូល និងបានបញ្ជាក់ការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន ហុងដា ពិចារណាបើកឱកាសដល់វិចិត្រករខ្មែរអាចរួមចំណែកដល់ការរចនាម៉ូត ទន្ទឹមនឹងនោះស្វែងរកជម្រើសផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រីកលទ្ធភាពរបស់ប្រជាជនកម្ពុជាក្នុងការទិញម៉ូតូ ហុងដា និងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ។

ក្រុមហ៊ុន ហុងដា តាមរយៈដៃគូក្នុងស្រុករបស់ខ្លួនគឺ NCX Co., Ltd. បានបង្កើតការងារជាង ២,០០០ កន្លែងក្នុងប្រទេសកម្ពុជា។ NCX គឺជាក្រុមហ៊ុនផលិត និងចែកចាយផ្តាច់មុខនូវម៉ូតូ ហុងដា នៅកម្ពុជា ហើយ​បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតការងារ តាមរយៈប្រតិបត្តិការផលិត ផ្គុំ និងចែកចាយ​ផលិតផល ហុងដា របស់ខ្លួន៕

ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍

អត្ថបទថ្មី